Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ក្រុមហ៊ុនសូគីមិចផ្គត់ផ្គង់ឧស្ម័នហ្គាសនៅកម្ពុជាប្រមាណតែ ៣%ប៉ុណ្ណោះ ខណៈដែរកម្ពុជានៅមានប្រភពមួយចំនួនធំទៀត ដែលអាចផ្គត់ផ្គង់នៅក្នុងប្រទេសបាន

    BY Liny Chan March 23, 2026
    ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ក្រុមហ៊ុនសូគីមិចផ្គត់ផ្គង់ឧស្ម័នហ្គាសនៅកម្ពុជាប្រមាណតែ ៣%ប៉ុណ្ណោះ ខណៈដែរកម្ពុជានៅមានប្រភពមួយចំនួនធំទៀត ដែលអាចផ្គត់ផ្គង់នៅក្នុងប្រទេសបាន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិចបានផ្គត់ផ្គង់ឧស្ម័នហ្គាស (LPG) នៅកម្ពុជាប្រមាណតែ ៣%ប៉ុណ្ណោះក្នុងទីផ្សារសរុប។ ដូច្នេះមានន័យថា ប្រសិនបើក្រុមហ៊ុនសូគីមិចមិនអាចផ្គត់ផ្គង់ឧស្ម័នហ្គាសចាប់ពីខែមេសា ឆ្នាំ២០២៦តទៅ ហើយមិនអាចរកប្រភពបន្ថែម យើងក៏នៅមានប្រភពមួយចំនួនធំទៀត ដែលអាចផ្គត់ផ្គង់នៅក្នុងប្រទេសរបស់យើងបាន។ ដូច្នេះសូមបងប្អូនកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះ។

    សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសំណេរលើបណ្ដាញសង្គមបានគូសបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ធន:ជាសកល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហើយ រួមមាន៖ ១.បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ២.បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល ៣.ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលើការនាំចូល។

    ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន៖ ១.បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ២.បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង ៣.បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។

    ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមក្នុងករណីចាំបាច់ឱ្យបានទាន់ពេលវេលា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: