និន្នាការនៃកំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាបានចាប់ផ្តើម
នៅក្នុងបរិបទតម្លៃប្រេងឥន្ធៈឡើងថ្លៃ អាចក្លាយទៅជាកត្តាជំរុញបន្ថែមអោយមានកំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ នៅមុនពេលផ្ទុះការវាយប្រហារនៅប្រទេសអ៉ីរ៉ង់ ប្រេងឥន្ធៈនៅកម្ពុជាមានតម្លៃ៣៨៥០រៀលឬ០,៩៦ដុល្លារក្នុង១លីត្រ ប៉ុន្តែចាប់ពីថ្ងៃទី១០មីនា២០២៦មកបានឡើងដល់៥២០០រៀល ហើយបច្ចុប្បន្នមានតម្លៃ៥៤០០រៀលឬ១,៣៥ដុល្លារក្នុង១លីត្រ។
មានការលើកឡើងថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនឹងក្លាយទៅជាឱកាសមាសនៃការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនី។ ថ្វីបើការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ គឺជាកត្តាដ៏ធំនៃការកើនឡើងការប្រើប្រាស់យានយន្តអគ្គិសនី ប៉ុន្តែនៅមានកត្តាសំខាន់មួយចំនួនទៀត ដូចជាកត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍន៍ស្ថានីយសាកអាគុយនៅតាមបណ្តាខេត្ត-ក្រុងកាន់តែច្រើន ការឧបត្ថម្ភធន់ពីរាជរដ្ឋាភិបាលចំពោះការនាំចូលរថយន្តអគ្គិសនីនិងកត្តាចំណាយទាបនៃប្រើប្រាស់និងការថែទាំជាដើម។
នៅដើមខែមីនា២០២៦ នេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញគ្រោងចំណាយថវិកាជាតិ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គីសនីនៅទូទាំងប្រទេស ។ ទន្ទឹមនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏បានប្រកាសពីគម្រោងសាងសង់ស្ថានីយសាកយានយន្តអគ្គិសនីចំនួន១០០ទីតាំងនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដែលកំពុងមានការកើនឡើងខ្លាំង។
យោងតាមអនុក្រឹត្យនៅឆ្នាំ ២០២១ បានសម្រេចកាត់បន្ថយពន្ធនាំចូលយានយន្តអគ្គិសនីសុទ្ធពី ៣០ភាគរយមកត្រឹម ១០ភាគរយ ព្រមទាំងចេញ គោលការណ៍លើកទឹកចិត្តពន្ធសម្រាប់ការវិនិយោគដំឡើងរថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តក្នុងស្រុក ដោយធ្វើការបញ្ចុះអត្រាពន្ធអាករនាំចូលសរុប (ពន្ធគយ អាករពិសេស និងអាហារលើតម្លៃបន្ថែម) ពី ៥០ភាគរយ ដល់ ៩០ភាគរយ ដែលធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា មានកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីជារៀងរាល់ឆ្នាំ។ ការចុះបញ្ជីរថយន្តអគ្គិសនីនៅឆ្នាំ២០២៤ មានចំនួន៣,៣៥៧ គ្រឿង និងនៅឆ្នាំ២០២៥ មានចំនួន៧,៩៧១ គ្រឿង ។ ពោលគឺរហូតមកដល់ពេលនេះ នៅកម្ពុជាកំពុងមានប្រើប្រាស់យានយន្តអគ្គិសនី សរុបចំនួន ១២៩៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនីចំនួន ៩០៦៥ គ្រឿង ទោចក្រយានយន្តចំនួន ៣២០៣ គ្រឿង និងត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង។
សូមបញ្ជាក់ថា គោលដៅចម្បងនៃការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានេះ គឺដើម្បីផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់ប្រេងឥន្ធនៈមកជាថាមពលស្អាត ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ដែលបានកំណត់សម្រេចអោយបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដែលជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ក្នុងគោលដៅកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ និងកាត់បន្ថយការបំពុលបរិស្ថាននៅប្រទេសកម្ពុជា។ ខណៈដែលតម្លៃប្រេងហក់ឡើងខ្ពស់ បានធ្វើអោយមនុស្សកាន់តែច្រើនមើលឃើញថា រថយន្តអគ្គិសនី គឺជាជម្រើសដ៏សមស្របក្នុងការកាត់បន្ថយចំណាយប្រចាំខែ៕
