Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)

    BY Liny Chan March 24, 2026
    រាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្តនូវផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) និងសាធារណៈជនថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុក់អាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

    នេះបើយោងតាមសេចក្ដីណែនាំ ស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផល់តេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។

    ប្រភពដដែល បានបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យសហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្ថុដូចតទៅ៖

    ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដោយលើវិក្កយបត្រអាករត្រូវប្ដូរ “អាករលើតម្លៃបន្ថែមអត្រា១០%” ទៅជា “អាករលើតម្លៃបន្ថែមអត្រា៤%”។

    ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិនស្ថិតនៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់រួមទាំងអាករត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤%។

    និងគ- អាករលើតម្លៃបន្ថែមអត្រា១០% និង/ឬអត្រា៤% ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុក នូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់ អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយ និងបង្កាន់ដៃបង់ពន្ធអាករ និង/ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក។

    ដោយឡែក ឥណទានអាករលើធាតុចូល ដែលបានបង់លើការនាំចូលឬទិញក្នុងស្រុក (ក្រៅពីប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែម។

    ក្រសួងក៏បាន ណែនាំដល់អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាមអនឡាញ (e-Filing) ដោយមុខងារ “បញ្ជីទិនានុប្បវត្តិទិញ-លក់” ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញ ឬសវា “អតប អត្រា៤%” ដើម្បីគាំទ្រដល់ការប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: