ប្រធានវិស្វកម្មក្រសួងធនធានទឹក ណែនាំឱ្យក្រុមកការងារស្ដារប្រឡាយ ប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីសន្សំសំចៃប្រេង
ភ្នំពេញ ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យក្រុមកការងារស្ដារប្រឡាយ ត្រូវប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពបំផុត ហើយមានភាពសន្សំសំចៃក្នុងបរិបទដែលតម្លៃប្រេងឥន្ទនៈមានការកើនឡើង។
ក្នុងឱកាសដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្ដារប្រឡាយមេពង់មួយ ដែលមានទីតាំងស្ថិតក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ លោក ថាំង វីយុទ្ធដា បានគូសបញ្ជាក់ថា ប្រឡាយមេពង់មួយមានប្រភពទឹកនាំមកពីផ្ទៃរងទឹកភ្លៀងជួរភ្នំស្រង់ និងប្រឡាយរលាំងជ្រៃខាងត្បូង។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការរំដោះទឹកជំនន់ ដើម្បីការពារការជន់លិចផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នា ព្រមទាំងដើរតួជាប្រភពទឹកស្រោចស្រពដ៏សំខាន់សម្រាប់ផ្ទៃដីបង្កបង្កើនផលកសិកម្ម រួមមាន៖ ស្រូវវស្សាចំនួន ៧០០ហិកតា, ស្រូវប្រាំង ៣៥០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា។ លើសពីនេះ គម្រោងនឹងផ្តល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ៩៥៥គ្រួសារ ក្នុងភូមិចំនួន ៥ នៃឃុំកុមារាជា។
លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីសន្សំសំចៃក្នុងបរិបទដែលតម្លៃប្រេងឥន្ទនៈមានការកើនឡើង។ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាឱ្យបាននូវគុណភាពសំណង់ និងជំរុញការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក។
សូមជម្រាបថា គម្រោងស្ដារប្រឡាយមេពង់មួយនេះ បានចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តោតលើការងារសំខាន់ៗចំនួនពីរ រួមមាន៖ ទី១. ការងារស្ដារប្រឡាយមេចំនួន ២ខ្សែ ដែលមានប្រវែងសរុប ៤.៧៥០ម៉ែត្រ និងទី២. ការសាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥កន្លែង៕





ប្រភព វិទ្យុជាតិកម្ពុជា