ខេត្តកណ្ដាល កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ប្រែក្លាយជា «ខ្សែក្រវាត់ឧស្សាហកម្ម និងភស្តុភារកម្ម»
លោក ឌឹម បូរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលបានឱ្យដឹងថា ក្នុងស្មារតីជំរុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកណ្ដាល ក្រោមការ ដឹកនាំរបស់ឯកឧត្តម គួច ចំរើន បាននិងកំពុងដាក់ចេញ ផែនការមេយ៉ាងសកម្ម ក្នុងការលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីប្រែក្លាយភូមិសាស្ត្រខេត្តឱ្យទៅជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិ និងជាប៉ូល សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពខ្ពស់លើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក។
ថ្លែងនៅក្នុងបទសម្ភាសន៍ស្ដីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ចរន្តសេដ្ឋកិច្ច» លោក ឌឹម បូរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ពីរបៀបវារៈសំខាន់ៗចំនួន ៤ ដែលជា ឆ្អឹងខ្នងនៃការអភិវឌ្ឍខេត្ត ដូចខាងក្រោម៖ ទី១ ទំនើបកម្មបណ្តាញផ្លូវថ្នល់ និងការតភ្ជាប់តំបន់ក្រវាត់ក្រុង ដែលបច្ចុប្បន្នខេត្តកណ្ដាលមានបណ្ដាញផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៧ ខ្សែ ដោយមានប្រវែងសរុប ជាង ៩២០ គីឡូម៉ែត្រ។ ក្នុងនោះ រដ្ឋបាលខេត្តបានផ្ដោតសំខាន់លើការធ្វើទំនើបកម្មគុណភាពផ្លូវ ដោយ បំប្លែងពីផ្លូវកៅស៊ូ DBST ទៅជាផ្លូវកៅស៊ូអាស្វាល់ (AC) និងបេតុង (RC) ដើម្បីទ្រទ្រង់ការដឹកជញ្ជូន ធុនធ្ងន់។ រហូតមកដល់ពេលនេះ ផ្លូវប្រភេទ AC សម្រេចបាន ២៨% និងផ្លូវបេតុងសម្រេចបាន ១៧% ហើយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ និងការរៀបចំផែនការផ្លូវក្រវាត់ក្រុងទី៤ គឺជា យុទ្ធសាស្ត្រដ៏សំខាន់ក្នុងការសម្រួលចរាចរណ៍វាងរាជធានីភ្នំពេញ និងកាត់បន្ថយចំណាយឡូជីស្ទីក សម្រាប់អាជីវករ និងវិនិយោគិន។ លោកបញ្ជាក់ថា ទី២ គម្រោងមហិច្ឆតានៃ «ច្រកទ្វារយុទ្ធសាស្ត្រ» ទាំងបី ខេត្តកណ្ដាលកំពុងលេចត្រដែតឡើងតាមរយៈគម្រោងខ្នាតយក្សដែលតភ្ជាប់ កម្ពុជាទៅកាន់ ពិភពលោក ដូចជាផ្លូវទឹកគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលឆ្លងកាត់ខេត្តកណ្ដាលប្រវែង ៥៤ គីឡូម៉ែត្រ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ដោយសម្រេចបានការបោះបង្គោល ១០០% និងដោះស្រាយផល ប៉ះពាល់បានប្រមាណ ៨០%។ ផ្លូវអាកាស ការអភិវឌ្ឍបណ្ដាញផ្លូវជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស (Air Cargo)។ ច្រកទ្វារព្រំដែន ការពង្រឹងហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីពង្រីកទំហំពាណិជ្ជកម្មឆ្លងដែន។ ទី៣ សរសៃឈាម សេដ្ឋកិច្ច រួមមាន ស្ពាន និងផ្លូវល្បឿនលឿន ដើម្បីបង្កើនភាពប្រកួតប្រជែង ខេត្តបាននិងកំពុងជំរុញ ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលសម្រេចបានជាង ៣៦% និងស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) ដែលបានបញ្ចប់ការសិក្សាលម្អិតរួចរាល់។ បន្ថែមលើនេះ គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាកម្លាំងចលករថ្មី ក្នុងការកាត់បន្ថយពេលវេលាដឹកជញ្ជូនទៅកាន់ ព្រំដែនអន្តរជាតិ។ និងទី៤ ចីរភាព និងបរិស្ថានទីក្រុង រដ្ឋបាលខេត្តមិនត្រឹមតែផ្ដោតលើការសាងសង់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការថែទាំ ដោយកំណត់គោលដៅឱ្យបាន ៨០% នៃបណ្ដាញផ្លូវសរុបត្រឹមឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូទឹកកខ្វក់ប្រវែងជាង ១២៥ គីឡូម៉ែត្រក្នុងក្រុងតាខ្មៅ ក៏កំពុងដំណើរការដើម្បីធានាបាននូវទីក្រុងស្អាត និងការរស់នៅប្រកប ដោយគុណភាព ស្របតាមការរីកចម្រើននៃតំបន់សេដ្ឋកិច្ច។
« ខេត្តកណ្តាលមិនត្រឹមតែជាខេត្តដែលព័ទ្ធជុំវិញរាជធានីភ្នំពេញនោះទេ ប៉ុន្តែវាជាច្រកទ្វារ សេដ្ឋកិច្ចទំនើប សម្រាប់ការដឹកជញ្ជូន និងឧស្សាហកម្ម។ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យជាប៉ូលសេដ្ឋកិច្ចទំនើប ដែលអាចប្រកួតប្រជែងជាមួយតំបន់ជិតខាងបាន ខេត្តកណ្តាលបាននិងកំពុងត្រៀមខ្លួនលើចំណុចសម្របសម្រួលនីតិវិធីស្នើសុំគម្រោងរដ្ឋបាល ខេត្តបានធ្វើ ទំនើបកម្មសេវាសាធារណៈ ដើម្បីធានាថា វិនិយោគិនអាចចាប់ផ្តើមអាជីវកម្មបានយ៉ាងរហ័ស យន្តការ ច្រកចេញចូលតែមួយ កាត់បន្ថយពេលវេលាក្នុងនីតិវិធី ឯកសារស្នើសុំច្បាប់អនុញ្ញាតផ្សេងៗ។ »
លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា តាមរយៈផែនការមេនេះ ខេត្តកណ្ដាលនឹងក្លាយ ជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សំខាន់បំផុតមួយរបស់កម្ពុជាដែលមិនត្រឹមតែបម្រើដល់ការតភ្ជាប់ក្នុងស្រុក ប៉ុណ្ណោះទេ ប៉ុន្តែគឺជាច្រកទ្វារសេដ្ឋកិច្ចដ៏មានសក្ដានុពលសម្រាប់តំបន់ទាំងមូល៕

ប្រភព វិទ្យុជាតិកម្ពុជា