មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដាក់ចេញបទបញ្ជា ៣ ចំណុច ដល់កងកម្លាំងចម្រុះការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ នៅឃុំផាត់សណ្តាយ
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំកាលពីថ្ងៃទី២៧ខែមីមាឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទី ភារកិច្ច និងដាក់ចេញនូវបទបញ្ជាចំនួន៣ចំណុច ដល់កងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ត្រី ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាល និងលោក ប៉ែន សាវេង នាយផ្នែករដ្ឋបាលជលផលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានរាយការណ៍ថាកន្លងទៅកងកម្លាំងចម្រុះបានសាមគ្គីសហការគ្នាល្អក្នុងការបំពេញភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ទទួលបានលទ្ធផលល្អប្រសើរ ។ ជាមួយនោះដែរក៏បានចូលរួមសហការជាមួយ កងកម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៥ ក្នុងការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅតំបន់លំហបឹងទន្លេសាប ដែលប្រជានេសាទមួយចំនួន ដាក់ឧបករណ៍នេសាទចូលជ្រៅក្នុងលំហទន្លេសាបខុសច្បាប់ស្ដីពីជលផល។ទន្ទឹមនិងនេះកងកម្លាំងចម្រុះបានសហការជាមួយអាជ្ញាធរដែនដី ក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ កុំឱ្យប្រើប្រាស់និងធ្វើសកម្មភាពនេសាទខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានមច្ឆជាតិ និងនាំឱ្យមានទោស ឬខាតបង់សម្ភារផ្ទាល់ខ្លួនផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានរួមសហការគ្នា ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសអបអរសាទរ ចំពោះទិន្នផលត្រីដែលបានសំបូរឡើងវិញហើយក្នុងនោះ បងប្អូនក៏បានរួមជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញចូលរួមអប់រំ ផ្សព្វផ្សាយអំពីច្បាប់ស្ដីពីជលផល និងសេចក្ដីណែនាំនានាជូនបងប្អូនប្ប្រជានេសាទនិងធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ ដែលក្រុមជនល្មើសមួយចំនួន នៅតែបន្តសកម្មភាពលួចដាក់ឧបករណ៍ខុសច្បាប់ផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់បន្ថែមទៀត ដោយគ្មានការដកថយឡើយ ដោយត្រូវអនុវត្តន៍យ៉ាងមុឺងម៉ាត់នូវបទបញ្ជារបស់ឯកឧត្តមប្រធានគណ:បញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្របឹងទន្លេសាប និងការណែនាំនានារបស់ឯកឧត្ដមអភិបាលខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំធំឱ្យមានប្រសិទ្ធភាព ដោយត្រូវយកចិត្តទុកដាក់៖ទី១.ការពារឱ្យបានដាច់ខាត តំបន់ឡូអភិរក្សពូជត្រី សម្រាប់ត្រីពងកូននៅរដូវវស្សាខាងមមុខ។ទី២.សហការគ្នាឱ្យបានល្អ ជាមួយគ្រប់កងកម្លាំងដែលមានការពាក់ព័ន្ធ។បន្តសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលដាក់ខុសទីតាំងដែលច្បាប់បានកំណត់ នៅក្នុងតំបន់លំហបឹងទន្លេសាបនិងទី.៣មិនត្រូវមានការពាក់ព័ន្ធ ឬឃុបឃិតជាមួយជនល្មើសក្នុងការទទួលផលប្រយោជន៍ ជាថ្នូរក្នុងការមិនបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាដាច់ខាត ។ ប្រសិនជារកឃើញមានជនណាម្នាក់ប្រព្រឹត្តិករណីខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ ។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ និងភេសជ្ជៈមួយចំនួនបន្ថែមទៀត ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ឱ្យទទួលបានជោគជ័យ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាយើងនៅទូទាំងប្រទេស៕



ប្រភព៖ ក្រសួងព័ត៌មាន