ក្រសួងព័ត៌មាន បានចុះផ្សាយថា សមត្ថកិច្ច នឹងអនុវត្តច្បាប់ លើកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ករណីកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បានបើករថយន្តស៊េរីទំនើប បុកមនុស្សស្លាប់ចំនួន៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នឹងត្រូវអនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីជាកូនអ្នកណាមានបុណ្យស័ក្តិខ្ពស់យ៉ាងណាក៏ដោយ ឱ្យតែប្រព្រឹត្តខុសច្បាប់ត្រូវតែប្រឈមមុខច្បាប់ទាំងអស់ ។
អ្នកនាំពាក្យរងគូសបញ្ជាក់ថា “បើមានភស្តុតាងគ្រប់គ្រាន់ថា គឺជាអ្នកបើកបរបណ្តាឱ្យគេស្លាប់ បណ្តាលឱ្យគេរងរបួស សមត្ថកិច្ចត្រូវតែកសាងសំណុំរឿងដោយមិនខ្វល់ខ្វាយថា គាត់មានទំនាក់ទំនងសាច់ញាតិក្តី ទំនាក់ទំនងសង្គមក្តីជាមួយអ្នកណាដែលមានមុខតំណែង មុខងារ ។ បើសិនជាអ្នកដែលមានទំនាក់ទំនងជាមួយជាសាច់ជាញាតិ មិនបានមកពាក់ព័ន្ធរួមប្រព្រឹត្តទេ ក៏មិនត្រូវទាញគេមកភ្ជាប់សំណុំរឿងអនុវត្តច្បាប់ដែរ”។
លោកបណ្ឌិតសង្កត់ធ្ងន់ថា សាមីខ្លួនជាអ្នកប្រព្រឹត្តត្រូវតែចេញមកទទួលស្គាល់កំហុសរបស់ខ្លួនតែម្តង។
សូមបញ្ជាក់ថា បន្ទាប់ពីបង្កហេតុកាលពីរាត្រីថ្ងៃទី២៧ ខែមីនា ភ្លាមៗឈ្មោះ ស៊ីវ ជ័យសិដ្ឋដែលត្រូវជាកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បើករថយន្តស៊េរីទំនើប ម៉ាក់ Mercedes Sport បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តនៅកន្លែងកើតហេតុ ។ ចំពោះករណីនេះ លោកបណ្ឌិត ទូច សុឃៈ ក៏បានស្នើឱ្យបុគ្គលបង្កហេតុចេញមកសារភាពដើម្បីទទួលទោសទៅតាមផ្លូវច្បាប់៕


ប្រភព៖ ក្រសួងព័ត៌មាន