អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្ត
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីជួសជុលយ៉ាងយកចិត្តទុកដាក់ និងទៅតាមបែបបទនៃធម្មនុញ្ញអង្គរ គម្រោងជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការងារជួសជុលជាស្ថាពរហើយ។
លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងជួសជុលបានឱ្យដឹងថា គម្រោងជួសជុលបណ្ណាល័យខាងជើង នៃរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ទាំងស្រុងនៅក្នុងខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរការជួសជុលនៅខែ វិច្ឆិកា ឆ្នាំ២០២៥។ លោកពន្យល់ថា គម្រោងនេះបានជួសជុល ពង្រឹងថ្មពុកផុយ ទាំងផ្នែកគ្រឹះ ជញ្ជាំង ចម្លាក់ និងដំបូល ឱ្យមានភាពរឹងមាំឡើងវិញ។ នេះបើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។
តាមការបញ្ជាក់ពីអ្នកជំនាញ ស្ថានភាពមុនជួសជុល បណ្ណាល័យនេះត្រូវបានអាជ្ញាធរជាតិអប្សរា បិទមិនឱ្យភ្ញៀវចូលទស្សនានោះទេ ដោយបារម្ភប៉ះពាល់សុវត្ថិភាព ព្រោះថាថ្មនៅរាយប៉ាយ និងមិនមានភាពរឹងមាំ អាចជ្រុះធ្លាក់បានដោយយថាហេតុ។ តាមការគូសបញ្ជាក់ពីលោក ម៉ៅ សុខនី គម្រោងជួសជុលនេះ ចែកជា២ផ្នែក គឺទី១ ការងារពង្រឹងសាច់ថ្ម និងទី២ ការងារជួសជុលពង្រឹងហេដ្ឋារចនាសម្ព័ន្ធតួបណ្ណាល័យ។ សព្វថ្ងៃនេះក្រុមការងារកំពុងអនុវត្តគម្រោងសាកល្បង ដោយដាក់សសរពេជ្រចំនួន២ ដើម្បីទ្រទម្ងន់ផ្តែរ ក្នុងទិសដៅជួយរចនាសម្ព័ន្ធបណ្ណាល័យឱ្យកាន់តែរឹងមាំ។
ប្រភពដដែល បានបន្តថា ក្រោយពេលជួសជុលរួច អ្នកជំនាញមានសុទិដ្ឋិនិយមថា បណ្ណាល័យខាងជើងនៃរួតទី២ប្រាសាទអង្គរវត្ត នឹងក្លាយជាទស្សនីយភាពថ្មីមួយបន្ថែមទៀត អំឡុងពេលភ្ញៀវទេសចរចូលកម្សាន្តប្រាសាទអង្គរវត្ត ក្រោយទីតាំងនេះ បានបិទមិនឱ្យចូលទស្សនាច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចទស្សនាចម្លាក់អប្សរាដ៏ល្អឯក សិក្សាពីតួនាទី និងរចនាសម្ព័ន្ធនៃបណ្ណាល័យកាន់តែស៊ីជម្រៅបន្ថែម៕



ប្រភព៖ ក្រសួងព័ត៌មាន