Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាល ជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយតួលេខអ្នកបាត់បង់ដោយគ្រោះថ្នាក់ចរាចរណ៍ កើនដល់ ៣៥នាក់ ក្នុងត្រីមាសទី១

    BY Liny Chan April 7, 2026
    អភិបាលខេត្តកណ្ដាល ជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយតួលេខអ្នកបាត់បង់ដោយគ្រោះថ្នាក់ចរាចរណ៍ កើនដល់ ៣៥នាក់ ក្នុងត្រីមាសទី១

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មានការព្រួយបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ឆ្នាំ២០២៦នេះ ខណៈដែលក្នុងត្រីមាសទី១នេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាងឆ្នាំ២០២៥ ហើយបណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស ចំនួន៣៥នាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦។

    ការព្រួយបារម្ភនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ដែលកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី មន្ទីអង្គភាពពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក តាមរយៈប្រព័ន្ធ Zoom។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ ឆ្នាំ២០២៦នេះ យើងមិនអាចគ្រប់គ្រងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដូច ឆ្នាំ២០២៥ឡើយ។ ព្រោះគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានការកើតឡើងចំនួន ៦៩លលក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៣៥នាក់ រងរបួសធ្ងន់ចំនួន ៦១នាក់ និងរបួសស្រាលចំនួន ៤៤នាក់។

    ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសបន្តទៀត ឯកឧត្តមគួចចំរើនអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមានការភ័យខ្លាចចំពោះនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់នៅលើដងផ្លូវ តែយើងទាំងអស់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ កុំចាំទាល់តែមាននគរបាលចរាចរណ៍ឈរលើដងផ្លូវ ទើបយើងមានការភ័យខ្លាច ព្រោះនគរបាលចរាចរណ៍ មិនបាននៅឈរលើដងផ្លូវគ្រប់ពេលវេលា គ្រប់ទីកន្លែងឡើយ ដូច្នេះមានតែបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់យើង។

    ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់ថ្នាក់វិជ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាលង់ទឹកទន្លេ ស្ទឹង ព្រែក ឬរណ្ដៅផ្សេងៗ ដោយត្រូវធ្វើការផ្សព្វផ្សាយដល់អ្នករកស៊ីនេសាទ មិនត្រូវធ្វើការចម្លងភ្ញៀវ ព្រោះទូករបស់ខ្លួនមិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះ នៅពេលមានឧបទ្ទវហេតុលិចទូកកើតឡើង ពីព្រោះកន្លងមកមានករណីទូកនេសាទ បានចម្លងភ្ញៀវធ្វើឲ្យលិចទូក បណ្ដាលឲ្យប្រជាពលរដ្ឋរបស់យើងចំនួន៨នាក់ លង់ទឹកស្លាប់នៅស្រុកខ្សាច់កណ្ដាល។ ជាងគេទៅទៀតរដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់ម្ចាស់រណ្ដៅដីនៅមូលដ្ឋានរបស់ខ្លួន សូមមានការធ្វើរបងព័ទ្ធជុំវិញរដូវ ត្រូវដាក់ស្លាកសញ្ញាដើម្បីហាមមិនឲ្យមានប្រជាពលរដ្ឋមកលេងទឹកនៅក្នុងរណ្ដៅ ឬបញ្ជាក់ថារណ្ដៅរបស់ខ្លួនមានជម្រៅជ្រៅ ដើម្បីជៀសវាងការមកលេងទឹកបណ្ដាលឱ្យលង់ស្លាប់ជាយថាហេតុ។

    ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តកណ្តាល កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កន្លងមកដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ដើម្បីជំរុញប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈកាន់តែប្រសើរ និងឆ្លើយតបទៅនឹងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាពប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។ យកចិត្តទុកដាក់លើការរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការប្រមូលយោបល់ត្រល់បពីប្រជាពលរដ្ឋ ការកំណត់ការទទួលខុសត្រូវរបស់មន្ទីរ អង្គភាព ជំនាញ និងកងកម្លាំងមានសមត្ថកិច្ចនានាក្នុងការអនុវត្ត ការពិនិត្យមើលឡើងវិញ និងពង្រឹងចលនាប្រជាការពារឃុំ សង្កាត់ ភូមិ និងការបំផុសចលនាឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការកសាងអភិវឌ្ឍមូលដ្ឋានឱ្យមានការអភិវឌ្ឍ នរីកចម្រើនប្រកបដោយចីរភាព។ បង្កើនការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យយល់ដឹងអំពីល្បិចកលឧក្រិដ្ឋជន ដែលប្រើប្រាស់បច្ចេកវិទ្យា មកឆបោកប្រជាពលរដ្ឋ (ឆបោកប្រាក់ អូសទាញឲ្យដាក់ប្រាក់វិនិយោគ) រួមទាំងកម្ចីដោយខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ល។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: