ឯកឧត្តម វ៉ី សំណាង ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី “តាកែវសង្ក្រាន្ត”ដោយសង្កត់ធ្ងន់លើការរក្សាតម្លៃប្រពៃណីជាតិ
តាកែវ ៖ ដើម្បីធានាឱ្យបាននូវសេចក្តីថ្លៃថ្នូរ សុវត្ថិ ភាព និងភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់រាល់ សកម្មភាពលេងកម្សាន្តណាដែលខុសនឹងទំនៀមទម្លាប់ ពិសេសការលេងបាញ់ទឹក និងប៉ាតម្សៅ។
យោងតាមសេចក្តីណែនាំលើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការ “តាកែវសង្ក្រាន្ត ឆ្នាំ២០២៦” នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យគណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់ ត្រូវសហការគ្នាដើម្បីចុះអប់រំ និងផ្សព្វផ្សាយឱ្យបានដល់មូលដ្ឋានផ្ទាល់។ គោលដៅចម្បងគឺធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យល់ដឹងពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីដោយសេចក្តីថ្លៃថ្នូរ។
ក្នុងនោះដែរ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ច្បាស់ៗថា មិនអនុញ្ញាត ឱ្យមានការលេងប៉ាតម្សៅ ឬបាញ់ទឹក នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្ត ក៏ដូចជាតាមដងផ្លូវសាធារណៈឡើយ។ លោកបានលើកឡើងថា សកម្មភាពទាំងនេះមិនត្រឹមតែមិនមែនជាវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់ភាពសប្បាយរីករាយរបស់មហាជន។ ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរ និងអ្នករៀបចំកម្មវិធីតាមវត្តអារាម និងទីសាធារណៈ ត្រូវរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ ដែលក្នុងនោះរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែងជាដើម។ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការរាំតាមចង្វាក់ប្រពៃណីដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ ដែលជានិមិត្តរូបនៃភាពទន់ភ្លន់ និងសាមគ្គីភាពរបស់ខ្មែរ។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» ក្លាយជាការចងចាំដ៏ល្អ សប្បាយរីករាយ និងពោរពេញដោយមោទនភាពជាតិខ្មែរយើង ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តខេត្តតាកែវឆ្នាំនេះ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីតាំងសំខាន់ៗក្នុងខេត្ត ក្រោមការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្តិសុខ និងអនាម័យបរិស្ថាន៕


ប្រភព៖ ក្រសួងព័ត៌មាន