សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មកដល់ពេលនេះ អគ្គនាយកដ្ឋាន ចំនួន៣ និង ៣០នាយកដ្ឋាន នៅតាមក្រសួងស្ថាប័នផ្សេង ត្រូវបានកាត់បន្ថយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវអាទិភាពវិធានគន្លឹះមួយសំខាន់ គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយការធ្វើវិភាគមុខងារ និងការធ្វើកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។
សម្ដេចធិបតី បានបន្ថែមថា មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់បានធ្វើការកំណែទម្រង់ចំនួន ១៦ ក្រសួងស្ថាប័នដែលបានធ្វើការកែសម្រួល, ក្នុងនោះទូទាំងរដ្ឋាភិបាលមកដល់ម៉ោងនេះក្រោយការពិនិត្យចំនួន១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។
តាម សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំលេចថា វិធានការកំណែទម្រង់នេះទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ ដូចជាពេលនេះកំពុងមានការវិវត្តន៍ទៅបច្ចេកវិទ្យា AI បើយើងមិនរៀបចំបង្កើតយន្តការ ឬផ្នែកទទួលបន្ទុកគឺមិនបានទេ។ ដូច្នេះអ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នលើកឡើងថា បង្កើតកន្លែងនេះ ដើម្បីលើកទឹកចិត្តអ្នកនេះអ្នកនោះ ឬមួយមិនចូលចិត្តលុបនាយកដ្ឋានចោល គឺអត់ទេ៕


ប្រភព៖ ក្រសួងព័ត៌មាន