Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការ «មួយម៉ឺនរៀល មួយម៉ឺននាក់» នឹងនាំក្តីសង្ឃឹម និងស្នាមញញឹមសម្រាប់ទារកនិងកុមាររាប់ម៉ឺននាក់

    BY Naren May 28, 2026
    យុទ្ធនាការ «មួយម៉ឺនរៀល មួយម៉ឺននាក់» នឹងនាំក្តីសង្ឃឹម និងស្នាមញញឹមសម្រាប់ទារកនិងកុមាររាប់ម៉ឺននាក់

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការ «មួយម៉ឺនរៀល មួយម៉ឺននាក់» នឹងនាំក្តីសង្ឃឹម និងស្នាមញញឹមសម្រាប់ទារកនិងកុមាររាប់ម៉ឺននាក់ ព្រោះជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជារម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

    លោក ធាន គួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា នៅក្នុងដំណើរការនៃការរៀបចំយុទ្ធនាការមួយម៉ឺនរៀល មួយម៉ឺននាក់ ឆ្នាំ២០២៦នេះ គឺក្រុមការងារមានបែងចែកសកម្មភាពគាំទ្រចំនួន២ សកម្មភាពគាំទ្រទី១ គឺជាសកម្មភាពផ្ដួចផ្ដើមនិងសហការដោយផ្ទាល់ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជានិងភាគីពាក់ព័ន្ធ រួមមាន បណ្ដាញសារព័ត៌មាន និយតករទូរគមនាគមន៍ និយតករឡានក្រុង រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងព័ត៌មាន អ្នកផលិតមាតិកា សិល្បករ សិល្បការិនី និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីជួយផ្សព្វផ្សាយបំផុសចលនាកៀរគរនូវយុទ្ធនាការនេះ។

    លោកបានបន្តថា សកម្មភាពគាំទ្រទី២ គឺធ្វើឡើងដោយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ខណៈគណៈកម្មការទ្រទ្រង់ប្រចាំក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការកៀរគរថវិកាបរិច្ចាគ ពីសប្បុរសជន មន្ត្រីរាជការ សាធារណៈជនទូទៅនៅក្នុងមូលដ្ឋានខេត្តនីមួយៗ ក៏ដូចជាក្រោមក្រសួង-ស្ថាប័នដែលបានបង្កើតគណៈកម្មការទ្រទ្រង់ ដែលគិតមកដល់ពេលនេះ មានគណៈកម្មការទ្រទ្រង់ប្រមាណ១០០គណៈកម្មការ ។

    « សម្រាប់ការរៀបចំយុទ្ធនាការឆ្នាំ២០២៦នេះ ដោយទទួលបានកិត្តិយសជាថ្មីពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំនិងបើកយុទ្ធនាការនៅក្នុងថ្ងៃទី២៨ ខែឧសភា ខ្ញុំនៅតែរំពឹងថាសប្បុរសជននៅតែបន្តចូលរួមបរិច្ចាគ ផលបន្ថែមទៀតជាពិសេសតាមរយៈគណៈកម្មការទ្រទ្រង់ ដែលមានគណៈកម្មការទ្រទ្រង់នៅគ្រប់ក្រសួងស្ថាប័ននៃរាជធានីខេត្ត។ ហើយនៅថ្ងៃទី២៨នេះ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយតំណាងគណៈកម្មការទ្រទ្រង់ទាំងអស់ នៅក្នុងពិធីបើកយុទ្ធនាការមួយម៉ឺនរៀល មួយម៉ឺននាក់ ឆ្នាំ ២០២៦ នេះ ដូច្នេះក្រោយពីការជួបជុំជាមួយគណៈកម្មការទ្រទ្រង់នេះហើយ ខ្ញុំសង្ឃឹមថា គណៈកម្មការទ្រទ្រង់កាន់តែសកម្ម ក្នុងការចូលរួមកៀរគរថវិកាបរិច្ចាគ ជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ទោះបីជាចប់យុទ្ធនាការក៏ដោយ»។

    សូមបញ្ជាក់ថា យុទ្ធនាការម៉ឺនរៀល មួយម៉ឺននាក់ ចាប់ផ្តើមឡើងកាលពីឆ្នាំ២០២២ ដែលគិតមកដល់ឆ្នាំ២០២៦នេះ ត្រូវបានដែលរៀបចំឡើងចំនួន៥លើក ។ ក្រោយពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្លាយជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាមក លោកជំទាវបានផ្តល់កិត្តិយសដឹកនាំយុទ្ធនាការនេះដោយផ្ទាល់ បានចំនួន២លើករួចមកហើយ ដោយលើកទី១គឺនៅក្នុងឆ្នាំ២០២៤នាខេត្តសៀមរាប ដែលមានសប្បុរសជនចូលរួមបរិច្ចាគប្រមាណ២៤ម៉ឺននាក់ ទទួលបានថវិកាជាង៣លានដុល្លារសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០២៦ ក្នុងរាជធានីភ្នំពេញ លោកជំទាវបានផ្តល់កិត្តិយសដឹកនាំនិងបើកយុទ្ធនាការ«មួយម៉ឺនរៀល មួយម៉ឺនម្នាក់» ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះទទួលបានថវិកាជាង៦លានដុល្លារពីសប្បុរសជន ប្រមាណ៣០ម៉ឺននាក់ ។ តាមរយៈការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំតាមបណ្ដាក្រសួង-ស្ថាប័ន និងសប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេងក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ ។ ដើម្បីចូលរួមក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦នេះ សូមបរិច្ចាគតាមរយៈលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: