ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន អំពាវនាវពលរដ្ឋខ្មែរនៅហ្វីលីពីន ប្រុងប្រយ័ត្នខ្ពស់ក្រោយហ្វីលីពីនរងគ្រោះរញ្ជួយដី ៧.៨ រ៉ិកទ័រ និងការព្រមានស៊ូណាមិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋហ្វីលីពីនថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ មានគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
ទន្ទឹមនេះ អាជ្ញាធរហ្វីលីពីន ក៏បានព្រមានពីការកើតមានរលកយក្សស៊ូណាមិផងដែរនៅខេត្ត Sarangani, Davao Occidental, Tawi-Tawi, Sulu, Basilan, Zamboanga Del Sur, Zamboanga Sibugay, Sultan Kudarat និង South Cotabato។
ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia to the Republic of the Philippines ឬ ទំនាក់ទំនងមក លោកស្រី ហេង ពិសី លេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន តាមទូរស័ព្ទលេខ +63 956 914 8190។
សម្រាប់ការជម្លៀស និងការសង្គ្រោះបន្ទាន់ភ្លាមៗ សូមមេត្តាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ឬ NDRRMC តាមរយៈលេខទំនាកទំនង +632 8911 5061 ដល់ 65 និងសូមបន្តតាមដានព័ត៌មានបន្ថែមតាមបណ្ដាញសង្គម https://www.facebook.com/NDRRMC. https://web.facebook.com/pso.gensanlgu (Public Safety Office – General Santos City) និង https://www.facebook.com/PHIVOLCS។

ប្រភព៖ ក្រសួងព័ត៌មាន