Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ក្នុងឆ្នាំ២០២៦

    BY Liny Chan June 16, 2026
    អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ក្នុងឆ្នាំ២០២៦

    អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជា អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ៧ នៅក្នុងពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prix Versailles 2026 ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។

    សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងទាំងប្រាំពីរនេះបានបង្ហាញអំពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បង្ហាញពីរបៀបដែលអាកាសយានដ្ឋានកំពុងងាកចេញពីស្តង់ដារចាស់ ដើម្បីផ្តល់ជូនពិភពលោកនូវស្តង់ដារថ្មីកាន់តែសម្បូរបែប និងស្រស់បំព្រង។

    លោក Jérôme Gouadain អគ្គលេខាធិការនៃ Prix Versailles បានបញ្ជាក់ពីការជ្រើសរើសនៅឆ្នាំនេះថា៖ “…មិនថាពួកគេទើបនឹងលេចចេញនៅលើជើងមេឃ ឬបានឆ្លងកាត់ការជួសជុលធំដុំនោះទេ អាកាសយានដ្ឋានទំនើបៗគឺជាភាពច្នៃប្រឌិត ហើយដែលចំណុចសំខាន់ៗត្រូវបានរំលេចដែលទាក់ទងនឹងវប្បធម៌ក្នុងប្រទេស និងតំបន់របស់ពួកគេ។ ភាពច្នៃប្រឌិត ស្ថាបត្យកម្មនៃអាកាសយានដ្ឋាន ការធ្វើទំនើបកម្ម ដើម្បីសម្រួលដល់ការកើនឡើងនៃការធ្វើដំណើរ និងតម្រូវការសម្រាប់ល្បឿនទៅកាន់អាកាសយានដ្ឋានដទៃទៀត”។

    អាកាសយានដ្ឋាន និង/ឬស្ថានីយចេញដំណើរ-ស្ថានីយមកដល់ ចំនួន ៣ ដែលឈ្នះជ័យលាភីពីក្នុងបញ្ជីឆ្នាំ២០២៦នេះ នឹងទទួលបានចំណាត់ថ្នាក់ពិភពលោក ហើយដែលនឹងត្រូវផ្តល់រង្វាន់នៅចុងឆ្នាំ២០២៦នេះ ដោយ Prix Versailles។

    អាកាសយានដ្ឋាន និងស្ថានីយផ្សេងទៀតដែលរួមបញ្ចូលក្នុងបញ្ជីឆ្នាំ២០២៦ គឺស្ថានីយទី៣ នៃអាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun ក្នុងប្រទេសចិន។ ស្ថានីយទី៣ នៃអាកាសយានដ្ឋាន Frankfurt ក្នុងប្រទេសអាល្លឺម៉ង់ ស្ថានីយទី២ នៃអាកាសយានដ្ឋានអន្តរជាតិ Lokapriya Gopinath Bardoloi នៅ Guwahati ប្រទេសឥណ្ឌា ស្ថានីយទី១ នៃអាកាសយានដ្ឋានអន្តរជាតិ Navi Mumbai ក្នុងប្រទេសឥណ្ឌា អាកាសយានដ្ឋានអន្តរជាតិ Pittsburgh នៅសហរដ្ឋអាមេរិក និងស្ថានីយទី១ នៃអាកាសយានដ្ឋានអន្តរជាតិ San Diego ក្នុងសហរដ្ឋអាមេរិក។

    សូមរម្លឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ជាអាកាសយានដ្ឋានកម្រិត 4F ដែលមានទុនវិនិយោគប្រមាណ ២ ០០០លានដុល្លារអាម៉េរិក ដែលអនុញ្ញាតឱ្យយន្តហោះឆ្លងទ្វីបគ្រប់ប្រភេទចុះចតបាន។

    អាកាសយានដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ហើយការសាងសង់ដំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយប្រើប្រាស់កម្មករ និងស្ថាបត្យកម្មដោយកូនខ្មែរសុទ្ធសាធ។

    សូមបញ្ជាក់ផងដែរថា សម្រាប់ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងទំនិញប្រមាណ ២ ៦០០តោន ពីឆ្នាំ២០២៥-២០៣០។ សម្រាប់ដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០ អាកាសយានដ្ឋានអាចទទួលអ្នកដំណើរបានដល់ប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: