Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតត្រូវរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការងារសាធារណមតិ

    BY Nisaiy KP June 21, 2026
    អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតត្រូវរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការងារសាធារណមតិ

    (ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតឱ្យរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីបម្រើដល់ការផ្សព្វផ្សាយព័ត៌មានឱ្យទាន់សភាពការណ៍និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពគ្រប់វិស័យរបស់ខេត្ត។ ការណែនាំនេះ ធ្វើឡើងពេលដែលឯកឧត្តម រួមជាមួយឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពតអញ្ជើញដឹកនាំ កិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដល់ថ្នាក់ដឹកនាំមន្ទីររាជការ នៃមន្ទីរព័ត៌មានខេត្តកំពតកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

    ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានត្រូវរៀបចំប្រតិទិនមាតិកា ដោយផ្តោតលើសមិទ្ធផលរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន សក្តានុពលទេសចរណ៍ និងសកម្មភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតវីដេអូខ្លីៗទម្រង់បញ្ឈរ (Short-form Video) សម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គម TikTok, Reels និង YouTube Shorts។ ខ្លឹមសារត្រូវផ្តោតសំខាន់លើប្រសាសន៍ដឹកនាំ និងសារគន្លឹះៗរបស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាសកម្មភាពរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញ។ ការងារនេះ មិនត្រឹមតែលើកកម្ពស់យុទ្ធសាស្ត្រ «បុរេសកម្ម» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពិតបានទូលំទូលាយ និងទប់ស្កាត់បានទាន់ពេលវេលានូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬការញុះញង់ដែលមានចេតនាបង្កការយល់ច្រឡំលើការដឹកនាំរបស់រដ្ឋបាលខេត្ត។

    ជាមួយគ្នានេះដែរ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពត បានផ្តល់មតិយោបល់ថា ការផលិតព័ត៌មានឱ្យបានលឿន និងត្រឹមត្រូវ គឺជាកត្តាសំខាន់ដើម្បីលុបបំបាត់ព័ត៌មានមិនពិតបានទាន់ពេលវេលា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មិនគួរទុកឱ្យព័ត៌មានអវិជ្ជមានកើតមាននៅក្នុងខេត្ត ដោយគ្មានការឆ្លើយតបពីមន្ត្រីជំនាញនោះទេ ព្រោះមានតែការផ្សាយព័ត៌មានពិតប៉ុណ្ណោះ ទើបអាចបន្សាបព័ត៌មានក្លែងក្លាយបាន។

    លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពតបានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានផ្តល់ការណែនាំ និងតម្រង់ទិសដៅការងារយ៉ាងច្បាស់លាស់លើការងារព័ត៌មាន និងការងារសាធារណមតិ។ លោកស្រីបានប្តេជ្ញានឹងដឹកនាំមន្ត្រីក្រោមឱវាទឱ្យសម្រេចបានជោគជ័យតាមផែនការ ដើម្បីបម្រើមហាជន និងបំពេញតួនាទីជាសេនាធិការជូនរដ្ឋបាលខេត្ត និងក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: