Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក

    BY Liny Chan July 6, 2026
    សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ ចំនួន១,០២៦នាក់ ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅទីរួមខេត្តក្រចេះ។

    តាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថាក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តក្រចេះនាថ្ងៃនេះសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។

    សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

    សម្តេចតេជោក៏បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត​ទុក​ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី ព្រម​ទាំងអតីតយុទ្ធជន។ សម្តេចបានលើកបង្ហាញពីវីរភាព និង​គុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែល​​បានយកជីវិតមកការពារជាតិមាតុភូមិ។ ដូច្នេះត្រូវតបស្នងសងគុណដល់ពួកគាត់តាមរយៈយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគាត់ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។

    មានប្រសាសន៍ពីទឹកដីនៃខេត្តក្រចេះ ក្នុងពិធីសំណេះសំណាលនេះផងដែរ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ចំពោះគ្រូបង្រៀន និងមន្ត្រីអប់រំដែលចូលនិវត្តន៍ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ព្រោះគ្រូបង្រៀនក៏មានសមាគមគ្រូបង្រៀនដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។

    សម្ដេចបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

    សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ពិសេសតំបន់ការពារព្រៃឡង់ ក្នុងខេត្តទាំង៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។

    សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន និងត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់នោះទេ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តក្រចេះ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: