Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ

    BY Liny Chan July 8, 2026
    សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរីចំនួន៥០០ នាក់ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅសាលាខេត្តមណ្ឌលគិរី។

    ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

    ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរីសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។

    សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

    សម្តេចក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។

    សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

    សម្តេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។ ហើយជាថ្មីម្ដងទៀតនៅថ្ងៃនេះ សម្តេចតេជោបានបញ្ជាក់ទៀតថា សមាគមអតីតយុទ្ធជន និងនិវត្តជន គឺមិនគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ក្រសួងអប់រំ នោះទេ ព្រោះក្រសួងមានសមាគមក្នុងវិស័យរបស់ខ្លួនតាំងពីមុនពេលបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនទៅទៀត។

    សម្ដេចក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរីនេះ ទាក់ទងទៅនឹងការធ្វើអាជីវកម្មរ៉ែ កុំឱ្យប៉ះពាល់ដល់បរិស្ថាន និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។

    សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ សម្ដេចតេជោក៏បានបន្តឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

    សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: