ព្រឹត្តិការណ៍រត់សប្បុរសធម៌ «ដើម្បីការអប់រំកុមារព្រំដែន» ត្រូវបានបើកជាផ្លូវការ ដោយមានការចូលរួមពីមហាជនប្រមាណ ២៥០០នាក់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» ដែលបានប្រព្រឹត្តទៅនៅទីតាំង ជីប ម៉ុង លែន គម្រោង២៧១។
ពិធីបើកជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ព្រមទាំងសមាជិក អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុនជីបម៉ុង និងថ្នាក់ដឹកនាំក្រុមហ៊ុន សហគមន៍កីឡាជាតិ និងអន្តរជាតិ យុវជន និងសាធារណជនយ៉ាងច្រើនកុះករ សរុបប្រមាណ ២៥០០នាក់។
កម្មវិធីរត់សប្បុរសធម៌នេះ ត្រូវបានផ្ដួចផ្តើមរៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុនជីបម៉ុង។ គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីកៀរគរនិងប្រមូលមូលនិធិសប្បុរសធម៌ប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់កុមារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យមានឱកាសបន្តការសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីការចូលរួមចំណែកជួយដល់សាលារៀន និងកុមារនៅតំបន់ព្រំដែន កម្មវិធីនេះក៏មានគោលដៅបំផុសស្មារតីស្នេហាជាតិ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈសកម្មភាពកីឡាផងដែរ។ ឯកឧត្តមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានរឹងមាំ និងរួមសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារកម្ពុជាដែលជាអ្នកជំនាន់ក្រោយ។
ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកងទ័ពដែលកំពុងជួបការលំបាកនៅតាមតំបន់ព្រំដែន ព្រមទាំងការបន្តការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដើម្បីធានាបាននូវសុខសុវត្ថិភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល៕


ប្រភព៖ ក្រសួងព័ត៌មាន