Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រឿងការពារជាតិពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ

    BY Liny Chan July 29, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រឿងការពារជាតិពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការដោះស្រាយគ្រប់វិស័យ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំដែលអាចឈានទៅពង្រឹងខឿនការពារជាតិឱ្យខ្លាំងក្លា ការពារការឈ្លានពានយាយីមើលងាយពីសត្រូវ។

    សម្ដេចធិបតី បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២៣ ០៦៧បណ្ណ មកពីឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងពិធីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការពារជាតិ ពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ បើយើងរឹងមាំ និងមានសមត្ថភាពកំណត់ជោគវាសនា និងម្ចាស់ការលើខ្លួនឯងឱ្យកាន់តែច្រើន ជាពិសេសជំនាន់ក្រោយៗរបស់យើង ដែលត្រូវការនូវភាពច្បាស់លាស់ និងការដោះស្រាយ»។

    ដើម្បីសម្រេចកិច្ចការខាងលើនេះ សម្ដេចបានផ្ដល់ជាអនុសាសន៍ថា ត្រូវកាត់បន្ថយឈានទៅលុបបំបាត់ ការកាត់បន្ថយចំណាយថវិកាធនធានលើការផ្ដល់សេវា ដូចជា បញ្ហាដីធ្លីជាដើម ដោះស្រាយបញ្ហាដែលកើតឡើងពីភាពមិនច្បាស់លាស់ ប្រគល់សិទ្ធិ ប្រគល់ឱកាស ផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ ដើម្បីយកជាមូលដ្ឋានក្នុងការជំរុញអភិវឌ្ឍន៍ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចជាតិ ប្រទេសជាតិនឹងបានកំណើន។

    នៅពេលដោះស្រាយបញ្ហានិងភាពស្មុគស្មាញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបាន សម្ដេចធិបតីអះអាងថា «អាហ្នឹងហើយការពារជាតិនោះ កាត់បន្ថយភាពស្មុគស្មាញ មានបញ្ហាដោះស្រាយឱ្យអស់ ពង្រឹងសមត្ថភាពខ្លួន រស់គ្រប់វិស័យដើម្បីយើងរស់ឱ្យរឹងមាំ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: