ព័ត៌មានជាតិ April 21, 2021

UPDATE: វៀតណាមបើកឲ្យនាំចូលបន្លែតាមច្រកជ្រៃធំ ចូលកម្ពុជាឡើងវិញ

Khmerpress

(កណ្ដាល)៖ លោក សែ ឈុនទ្រី ប្រធានច្រកទ្វាជ្រៃធំ បានថ្លែងប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា វៀតណាម បានយល់ព្រមបើកឲ្យមានការនាំចូលបន្លែ មកកម្ពុជាវិញហើយ ក្រោមការសម្របសម្រួលពីក្រុមការងារលោក និងភាគីខេត្តអានយ៉ាង ប្រទេសវៀតណាម។

លោកបន្តថា លោក និងក្រុមការងារ កាលពីម្សិលមិញ បានខិតខំប្រឹងប្រែងសម្របសម្រួល ជជែកវែកញែកជាមួយខាងភាគីខេត្តអានយ៉ាង ដើម្បីពន្យល់ពីហេតុផលផ្សេងៗ និងពិសេសពីវិធានការដ៏ល្អរបស់ភាគីកម្ពុជា ដែលខាងវៀតណាម គួរតែទុកចិត្តមកចំពោះក្រុមការងារខាងច្រកទ្វារ ខណ:ដែលវិធានការការពារត្រូវបានអនុវត្តន៍បានយ៉ាងល្អពេញលេញផងដែរ។

លោកប្រធានច្រក បានអះអាងទៀតថា បន្ទាប់ពីជជែកវែកញែកគ្នាពេញមួយថ្ងៃម្សិលមិញរួចមក នៅថ្ងៃនេះខាងភាគីវៀតណាមយល់ព្រមអនុញ្ញាតឲ្យមានការនាំចេញបន្លែ ចូលកម្ពុជាឡើងវិញជាធម្មតាវិញ ប៉ុន្តែស្ថិតក្រោមការរឹតបន្តឹងវិធានការការពារកូវីដ១៩ យ៉ាងម៉ឺងម៉ាត់បំផុត។

លោកប្រធានច្រកអះអាងទៀតថា បន្ទាប់ខាងវៀតណាមបើកច្រកឡើងវិញនោះ គេឃើញក្រុមអាជីវករ ដែលចុះទៅយកបន្លែពីវៀតណាមចូលមកកម្ពុជាហាក់មានភាពប្រក្រតីធម្មតា និងចូលរួមអនុវត្តន៍តាមវិធានការបានល្អផងដែរ។

គួរជម្រាបថា កាលពីម្សិលមិញ អាជ្ញាធរវៀតណាម បានសម្រេចបិទមិនឲ្យមានការនាំចូលបន្លែពីប្រទេសរបស់ខ្លួន ចូលមកកម្ពុជានោះទេ ដោយសារយោងហេតុផលថា មានក្រុមអាជីវករផ្សារដើមគរឆ្លងកូវីដច្រើន ហើយភាគីវៀតណាម ភ័យខ្លាចឆ្លងចូលស្រុកគេ ទើបគេបិទមិនឲ្យអាជីវករខ្មែរយកបន្លែពីគេ៕ ផ្តល់សិទ្ធិដោយ៖ freshnews