សង្គម September 21, 2021

ខ្មែរជួយខ្មែរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភទឹកប្រាក់ ៣០០លានរៀល និងសម្ភារជាច្រើនមុខដល់រដ្ឋបាលខេត្តចំនួន ៣

Liny Chan

ពាណិជ្ជករ និងជាសប្បុរសជនខ្មែរម្នាក់ បាននឹងកំពុងឆក់ទាញយកបេះដូងប្រជាពលរដ្ឋក្មេងចាស់នៅទូទាំងប្រទេសលាន់មាត់កោតសរសើរស្ងប់ស្ងែងដែលជានិច្ចកាលតែងតែបង្ហាញវត្តមានចេញមុខចុះជួយឧបត្ថម្ភទឹកប្រាក់ច្រើនជាង ១០លានដុល្លារអាមេរិក បូករួមនឹងគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ពិសេសនោះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូចជាការទិញវ៉ាក់សាំង និងមន្ទីរពេទ្យហ្លួងម៉ែជាដើម។

បើនិយាយត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានធ្វើរឿងវ៉ាជាច្រើនជួយដល់ប្រជាកសិករអ្នកដាំដំណាំផ្លែមៀប៉ៃលិន ព្រមទាំងនាំអំណោយជាថវិកា និងសម្ភារៈមិនតិចនោះទេ។ ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនដល់រដ្ឋបាលខេត្តចំនួន ៣ គឺ កំពត ត្បូងឃ្មុំ កំពង់ចាម ដែលមានទឹកប្រាក់ប្រមាណ ៣០០លានរៀល និងសម្ភារៈជាច្រើនមុខ។

នៅថ្ងៃទី១៧ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអំណោយជាទឹកប្រាក់ ១០០លានរៀល អង្ករ ២០តោន ម៉ាស់ចំនួន ១០០,០០០ម៉ាស់ និងអាល់កុលចំនួន ១,០០០លីត្រ ប្រគល់ជូនដល់លោក ជាវ តាយ អភិបាល ខេត្តកំពត។

នៅព្រឹកថ្ងៃច័ន្ទ ទី២០ នេះ អ្នកឧកញ៉ា ដំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញប្រគល់អង្ករ ២០តោន ម៉ាស ១០០,០០០ម៉ាស អាល់កុល ១,០០០លីត្រ ផ្លែតាង៉ែន(មៀនប៉ៃលិន) ០៥ តោន និងថវិកា ១០០លានរៀល ជូនដល់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត បន្តអនុវត្តន៍ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិសេសវិធានការនានាលើការងារ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

នៅល្ងាចថ្ងៃទី២០ នេះដែរ អ្នកឧកញ៉ាដែលត្រូវប្រជាពលរដ្ឋផ្តល់ងារថា “ឧកញ៉ាចិត្តធម៌” ឡេង ណាវ៉ាត្រា បានផ្តល់ អាល់កុល ៣.០០០លីត្រ ម៉ាស ចំនួន ២៥០.០០០ម៉ាស និងថវិកា ១០០,០០០,០០០ រៀល ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តទាំង ៣ ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ៕