Khmerpress

ស្វែងរក

PR

ក្រុមតំណាងកម្ពុជា APG ESPORT នឹងចូលរួមការប្រកួត PUBG MOBILE PRO LEAGUE SEA CHAMPIONSHIP S4

BY Liny Chan September 30, 2021
ក្រុមតំណាងកម្ពុជា APG ESPORT នឹងចូលរួមការប្រកួត PUBG MOBILE PRO LEAGUE SEA CHAMPIONSHIP S4

ភ្នំពេញ – ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១៖ ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA Championship S4 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

PMPL SEA Championship S4 គឺជាការប្រកួតជើងឯកថ្នាក់តំបន់របស់ PUBG ដែលនឹងមានក្រុមខ្លាំងៗនៅអាស៊ីអាគ្នេយ៍។ នៅក្នុងការប្រកួតបន្ទាប់ APG ESPORT នឹងត្រូវប្រកួតជាមួយក្រុមមកពី ៥ ប្រទេសផ្សេងទៀតរួមមាន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ដោយក្រុមទាំង ១៦ នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ PMPL SEA Championship នៅខែវិច្ឆិកា។ ក្រុមដែលឈ្នះការប្រកួតនេះនឹងឈានទៅដល់ការប្រកួតចុងបញ្ចប់ PUBG MOBILE Global Championship 2021 ដែលរួមមានក្រុមកំពូលទាំង ៣ ដែលកំពុងប្រជែងដណ្តើមពានរង្វាន់ជើងឯកពិភពលោក។

APG ESPORT ដែលទទួលបានប្រាក់រង្វាន់ចំនួន 4,000 ដុល្លារនៃរង្វាន់សរុបចំនួន 15,000 ដុល្លារពីការប្រកួត PMCO Wildcard រួមមានសមាជិក ៥ នាក់៖

• Leng Phiroun – ApgZeroES (Capitan)
• Yun Chanvisal – ApgShroudES (Player)
• Him Pichratana – ApgTwenTY7ES (Player)
• Hing Narun – ApgONixES (Player)
• Ratha Mikthona – ApgBlu3ES (Player)

ការប្រកួត PMCO នៅកម្ពុជាត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន សែលកាត សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន Tencent Thailand។ ការប្រកួតនេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក Playgame ដែលមានការចូលរួមពីអ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន សែលកាត រួមមាន Ream Angkor និង Tii Gaming ដែលជា caster នៅក្នុងការប្រកួតនេះ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ការប្រកួតកីឡាអេឡិចត្រូនិកគឺជាព្រឹត្តិការណ៍ដ៏ពេញនិយមដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងលំដាប់ពិភពលោក ហើយយើងក៏មានមោទនភាពនិងជាកិត្តិយសណាស់ដែលបានដើរតួនាទីក្នុងការជំរុញគាំទ្រនិងអភិវឌ្ឍន៍ សហគមន៍កីឡាអេឡិចត្រូនិក និងបណ្តាក្រុមប្រកួតកីឡាអេឡិចត្រូនិកនៅកម្ពុជា។ ដោយការរួមសហការជាមួយ EFC យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ហ្គេមល្បីៗលំដាប់ពិភពលោកដើម្បីនាំមកនូវឱកាសល្អៗកាន់តែច្រើនដល់បណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា ដើម្បីចូលរួមការប្រកួតលំដាប់អន្តរជាតិដូចជា PMPL ។ ក្នុងនាមខ្ញុំជាដំណាងក្រុមហ៊ុន សែលកាត ខ្ញុំសូមអបអរសាទរដល់ APG ESPORT សម្រាប់ការប្រយុទ្ធដ៏អស្ចារ្យនិងទទួលបាននូវជ័យជំនះរបស់ពួកគេ។ យើងពិតជារំភើបណាស់នឹងការទន្ធឹងរង់ចាំមើលនូវការវិវត្តរបស់ពួកគេក្នុងការប្រកួតបន្ទាប់ និងសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ” ។

ការប្រកួត PMCO គឺជាផ្នែកមួយនៅក្នុងរដូវកាលការប្រកួតប្រជែង PUBG Mobile លំដាប់ពិភពលោកក្នុងឆ្នាំ២០២១។ វាបង្ហាញឲ្យឃើញពីកីឡាករលំដាប់កំពូលៗដែលមកពីជុំវិញពិភពលោក។ នៅក្នុងរដូវកាលនេះមានក្រុមមកពីតំបន់ចំនួន ២៧ នៅទូទាំងពិភពលោកដែលនឹងត្រូវចូលរួមប្រយុទ្ធគ្នាដើម្បីដណ្តើមយកជ័យជំនះ។

Share This Post: