PR October 19, 2021

ធនាគារវីង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការគ្នាដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម

Liny Chan

ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២។

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យតាមលក្ខខណ្ឌអនុគ្រោះដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖“ភាពជាដៃគូនេះនឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។

សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូលផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ម្ចាស់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាម រយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាតហ្វូនវីង ដែលជួយសន្សំពេលវេលា និងថ្លៃធ្វើដំណើររបស់ពួកគេ។

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានមានប្រសាសន៍ថា៖ ភាពជាដៃគូដែលបានបង្កើតឡើងនៅថ្ងៃនេះ នឹងជួយពង្រីកការគាំទ្រដល់ ធនាគារសហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបែបឌីជីថលនៃធនាគារវីង។ សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងស្ថានភាពលំបាក នឹងអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួលជាងពេលមុន។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានបើកដំណើរការនៅឆ្នាំ២០២០ ដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកក្នុងគោលបំណងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកបរិមាណនាំចេញ។

ធនាគារវីង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីងដែលមានមុខងារច្រើនយ៉ាង និងភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ គិតត្រឹមឆ្នាំ២០២០ ធនាគារវីង បាននិងកំពុងធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ សម្រាប់សេវាកម្មប្រមូល និងទូទាត់ប្រាក់។

ធនាគារវីង នឹងផ្តល់ឥណទានដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២

ថ្នាក់ដឹងនាំនៃធនាគារវិង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ថតរូបជុំគ្នានៅកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់