ភូមិចំនួន២ ក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរបិទខ្ទប់ បន្ទាប់ពីរកឃើញមានជនជាតិវៀតណាម៤នាក់វិជ្ជមានកូវីដ១៩
(កំពង់ឆ្នាំង)៖ អាជ្ញាធរស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានសម្រេចបិទខ្ទប់ភូមិចំនួន២ គឺភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា បន្ទាប់ពីរកឃើញជនជាតិវៀតណាម៤នាក់មានវិជ្ជមានកូវីដ១៩។
លោក យិន សារិន អភិបាលស្រុកបរិបូណ៍ បានបញ្ជាក់ថា «នៅល្ងាចម្សិលមិញ អាជ្ញាធរសម្រេចបិទខ្ទប់ភូមិ២ជាបណ្ដោះអាសន្ន គឺភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ចាប់ពីពេលនេះទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងមូលដ្ឋានព្រោះ នៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី២៥-២៦ ខែមេសា អាជ្ញាធរ និងមន្ត្រីសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ជាជនជាតិវៀតណាម»។
លោកអភិបាលស្រុកបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៤នាក់រួមមាន៖
ទី១៖ ឈ្មោះ ជិន ធីហឿង ភេទស្រី អាយុ២៧ឆ្នាំ
ទី២៖ ឈ្មោះ ហ្វៀង យ៉ាំងហៀង ភេទស្រី អាយុ៥២ឆ្នាំ
ទី៣៖ ឈ្មោះ តុង ធីគា ភេទស្រី អាយុ៤៨ឆ្នាំ
ទី៤៖ ឈ្មោះ តុង ធីអៀង ភេទស្រី អាយុ១០ឆ្នាំ។ ត្រូវជាក្មួយពីរនាក់ប្ដីប្រពន្ធខាងលើរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៦ ខែមេសា។
លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩ ទាំង៤នាក់ខាងលើនេះ មានចំនួន៣២នាក់ ក្នុងនោះខ្មែរ២នាក់ ត្រូវបានក្រុមគ្រូពេទ្យបានធ្វើតេស្តលើកទីមួយ តាមឧបករណ៍ថ្មីលទ្ធផលជាបឋម (អវិជ្ជមាន) ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៍ និងមួយចំនួនទៀតអាជ្ញាធរអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានជាបន្ត។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ជនជាតិវៀតណាម ៣នាក់ រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ដែលរកឃើញវិជ្ជមានតាមឧបករណ៍ថ្មីកាលពីថ្ងៃទី២៦ ខែមេសា មិនទាន់កំណត់ថាជា វិជ្ជមានកូវីដ១៩ នៅឡើយនោះទេ គ្រាន់តែជាលទ្ធផលធ្វើតេស្តជាបឋមតែប៉ុណ្ណោះ ដោយរង់ចាំលទ្ធផលពីប៉ាស្ទ័រ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលសិន ទើបយកជាផ្លូវការបាន។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងទៀតថា ករណីខាងលើនេះ បើទោះជាមិនទាន់ជាផ្លូវការចេញដោយក្រសួងសុខាភិបាលក៏ដោយ ក៏បុគ្គលិកសុខាភិបាលបន្ទាប់ពីធ្វើតេស្តរហ័សទទួលបានលទ្ធផលបឋមវិជ្ជមានដូចករណីខាង លើនេះ ត្រូវតែធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យសំណាកជាបន្ទាន់ផងដែរ។
ទន្ទឹមនិងនេះ លោកវេជ្ជបណ្ឌិត រួមទាំងលោកអភិបាលស្រុក សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានពិសេសភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ទាំងពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋខ្មែរយើង មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារជីវិតខ្លួនយើង និងក្រុមគ្រួសាររបស់យើងក៏ដូចជាសង្គមជាតិយើងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews
