Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ប្រយ័ត្នចាញ់បោកជនខិលខូច ដែលទូរស័ព្ទប្រាប់ ឲ្យបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីបានការបញ្ចុះអត្រាការប្រាក់

    BY Khmerpress April 27, 2021
    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ប្រយ័ត្នចាញ់បោកជនខិលខូច ដែលទូរស័ព្ទប្រាប់ ឲ្យបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីបានការបញ្ចុះអត្រាការប្រាក់

    (ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ប្រយ័ត្នចាញ់បោក ជនខិលខូចមួយចំនួន ដែលទូរស័ព្ទទៅកាន់អតិថិជន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជន ធ្វើការបង់ប្រាក់តាមប្រព័ន្ធ ផ្ទេរប្រាក់នានា ដើម្បីទទួលបាន ការបញ្ចុះអត្រាការប្រាក់ ឬការផ្អាកបង់សងមួយរយៈពេល។

    សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួន បានទូរស័ព្ទទៅកាន់អតិថិជន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជន ធ្វើការបង់ប្រាក់តាមប្រព័ន្ធ ផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។

    សេចក្ដីជូនដំណឹង របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងទៀតថា ដើម្បីចៀសវាង ការចាញ់បោកជនខិលខូចទាំងនោះ សមាគមសូមលើកទឹកចិត្ត ដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់ តាមរយៈលេខទូរស័ព្ទ របស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត។

    លោកអ្នក ក៏អាចធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈមាស៊ីនដាក់ប្រាក់ ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ។ ក្នុងករណីសង្ស័យ សូមទូរស័ព្ទជាបន្ទាន់ ទៅកាន់គ្រឹះស្ថាន ដើម្បីធ្វើការផ្ទៀតផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ ទៅកាន់ជនណាម្នាក់ដែលអះអាងថា ខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ដែលលោកអ្នកបានខ្ចីប្រាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: