ព័ត៌មានអន្តរជាតិ April 28, 2021

សហរដ្ឋអាមេរិកចេញសេចក្តីណែនាំថ្មី អំពីការពាក់ម៉ាស សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់

Khmerpress

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃអង្គារនេះបានចេញសេចក្ដីណែនាំសុខាភិបាលថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស ធ្វើសកម្មភាពនៅខាងក្រៅដូចជា «ដើរលេង ឬហាត់ប្រាណ» ដោយមិនចាំបាច់ពាក់ម៉ាស់ តែត្រូវពួកគេត្រូវបន្តអនុវត្ត ការពាក់ម៉ាសនៅតាមទីសាធារណៈ ឬទីប្រជុំដដែល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលរបស់ CDC ធ្វើឡើងនៅចំពេលប្រជាជនអាមេរិកពេញវ័យច្រើនជាងពាក់កណ្ដាល បានទទួលការចាក់វ៉ាក់សាំងដូសទី១ ខណៈលោក ចូ បៃដិន បាននិយាយថា សេចក្ដីណែនាំថ្មីនេះបានមកពីលទ្ធផល នៃការប្រយុទ្ធប្រឆាំង COVID-19។ លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែការចូលរួមរបស់អ្នកទាំងអស់គ្នា យើងសម្រេចបាននូវសមិទ្ធផលដូចសព្វថ្ងៃ ដោយការឆ្លង COVID-19 បានថយចុះជាលំដាប់ រីឯចំនួនអ្នកស្លាប់បានធ្លាក់ចុះជាង ៨០ភាគរយ ស្របពេលការចាក់វ៉ាកសាំងត្រូវបានបង្កើនល្បឿន»។ លោក បៃដិន ក៏បានជំរុញផងដែរឱ្យអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា បើតាម CDC ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលខាងលើ គឺជាការបោះជំហានដំបូងជាមួយក្ដីសង្ឃឹមថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ ២ដូស អាចនឹងចាប់ផ្ដើមសកម្មភាពប្រចំាថ្ងៃរបស់ពួកគេឡើងវិញ ឬត្រឡប់ទៅរកស្ថានភាពមុន COVID-19 ក្នុងពេលឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews