PR December 6, 2021

មិនធម្មតា! ពិធីមង្គលការប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំកំពូលៗក្នុងជួររដ្ឋាភិបាលចូលរួម

Liny Chan

ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា លោក វ៉ន ខួច នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ រៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតា បិតា ចាស់ទុំត្រកូលរាមច្បងទាំងសងខាង ដ៏ឪឡារឹកអបអសាទរកូនប្រុសស្រីក្នុងថ្ងៃពិសេសវិសាល។

ក្រៅពីបងប្អូនចាស់ទុំផ្តល់ជាកិត្តិយសក្នុងពិធីមង្គលការនេះ ក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញជាច្រើនរូបបានចូលរួម។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីជូនដល់ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

តាមប្រភពច្បាស់មួយពីកន្លែងរៀបចំពិធីមង្គលការនៅខេត្តព្រៃវែង បានបង្ហើបឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍ប្អូនស្រីពៅ មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅយប់ថ្ងៃអាទិត្យម្សិលមិញ បានពិពណ៌នាខ្លឹមសារដ៏មានអត្ថន័យ និងអមដោយរូបភាពស្រស់ស្អាតនៃថ្ងៃមង្គលការប្អូនស្រីពៅ ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដោយបានសង្កត់ធ្ងន់រលឹកនឹកដល់អនុស្សាវរីយ៍សែនកម្សត់ជាមួយអ្នកម្តាយដែលបានចែកឋានទៅកាន់បរមសុខជាច្រើនឆ្នាំ ខណៈពេលបច្ចុប្បន្នកូនប្រុស្រីគ្រប់រូបទទួលបានជោគជ័យ មានជីវភាពសមរម្យទៅហើយ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា៖ “ឈើកាច់បាភ្នំអនុស្សាវរីយដ៏កំសត់ភូមិកំណើតដ៏ជូចត់អ្នកម្ដាយបានលាចាកលោកទៅមិនបានឃើញកូនរស់នៅក្នុងជីវភាពសមរម្យទេប្អូនស្រីពៅដែលជាថ្លើមប្រមាត់របស់អ្នកម៉ែបានរៀបការហើយកូនចង់អោយម៉ែសប្បាយចិត្តចង់អោយម៉ែឃើញកូនពៅម៉ែនៅលើភូមិដ៏សំសត់របស់យើងណាម៉ែ”។

ជាមួយខ្លឹមសាររាប់រយលានអត្ថន័យផ្ញើជូនដល់ម្តាយ ក្នុងថ្ងៃពិសេស រៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ ដែលធ្លាប់មានប្រវត្តិសែនកម្សត់កម្រជាមួយអ្នកម្តាយនេះ អ្នកឧកញ៉ា ក៍សូមទោសផងដែរ ដែលកម្មវិធីដ៏តូចនេះមិនបានអញ្ជើញបងប្អូនចូលរួមកម្មវិធី ព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក។

គួររម្លឹកជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ព្រះរាជទានផ្តល់គោរមងារ ឧកញ៉ា ដល់លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ស្រពពេលជាមួយគ្នានេះ បងបង្កើតរបស់លោកជំទាវចំនួននាក់ទៀត ក៏ទទួលបានគោរមងារដ៏ឧត្តុង្គឧត្តម គឺ លោកឧកញ៉ា ឡេង ប្រុស និងលោកឧកញ៉ា ឡេង និមល៕