គិតត្រឹមម៉ោង១២ថ្ងៃទី០៨ ខែមេសា៖ អាជីវករ សន្ដិសុខ អ្នកបម្រើការងារ និងគ្រួសារពាក់ព័ន្ធនៅផ្សារអូរឫស្សី សរុបចំនួន១១៣នាក់ បានឆ្លងជំងឺកូវីដ១៩
(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ សន្ដិសុខ បុគ្គលិក អ្នកបម្រើការងារ និងអ្នកពាក់ព័ន្ធនៅផ្សារអូរឫស្សី សរុបចំនួន១១៣នាក់ហើយ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
![](https://thekhmerpress.com/wp-content/uploads/2021/04/90182A9B-9968-46FC-B579-D607730234A9-1024x682.jpeg)
តាមរយៈបណ្ដាញព័ត៌មាន Fresh News អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត បើសិនអ្នកដែលមិនទាន់បានទៅយក។
សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅផ្សារមួយនេះ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។
សូមបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានសម្រេចបិទផ្សារអូរឫស្សីជាបណ្ដោះអាសន្ន និងបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ក៏ដូចជាអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់។
ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline រួមមាន៖
* ទី១៖ Hotline 1299
* ទី២៖ 098 379 777
* ទី៣៖ 077 856 966
* ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews