ព័ត៌មានជាតិ April 29, 2021

ក្រសួងទេសចរណ៍ ណែនាំឱ្យប្រតិបត្តិករទេសចរណ៍អនុវត្តតាមរាជរដ្ឋាភិបាល ដែលហាមឃាត់អ្នកដំណើរមកពីឥណ្ឌាបណ្ដោះអាសន្ន

Khmerpress

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានហាមឃាត់ការធ្វើដំណើរជាបណ្តោះអាសន្នចំពោះជនជាតិឥណ្ឌា និងអ្នកដំណើរជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌាក្នុងរយៈពេលបីសប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ផ្លូវគោក ឬផ្លូវទឹក។

សុពលភាពនៃការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងក្រោយរយៈពេល ៤៨ ម៉ោង បន្ទាប់ពីការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ការសម្រេចយ៉ាងដូច្នេះរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ បម្លែងថ្មី ប្រភេទ B1.617 ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរមកពីប្រទេសឥណ្ឌា ស្របពេលដែលកម្ពុជាក៏កំពុងរងនូវការរាតត្បាតធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ នេះផងដែរ។

ក្រសួងទេសចរណ៍ក៏បានស្នើឱ្យប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews