Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអូស្ត្រាលី៖ «ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងនោះឡើយ»

BY Khmerpress May 3, 2021
ក្រសួងការបរទេសអូស្ត្រាលី៖ «ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងនោះឡើយ»

(កង់បេរ៉ា)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បានច្រានចោលការលើកឡើង និងការចោទប្រកាន់មួយចំនួនដែលថា ការសម្រេចចិត្តរបស់រដ្ឋបាលអូស្ត្រាលី ដោយហាមឃាត់អ្នកដំណើរមកពីឥណ្ឌា គឺជាចេតនារើសអើងពូជសាសន៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

បើតាមលោកស្រី Marise Payne ការសម្រេចចិត្តហាមឃាត់ជាបណ្ដោះអាសន្ន លើអ្នកដំណើរមកពីប្រទេសឥណ្ឌាចូលក្នុងប្រទេសអូស្ត្រាលី ធ្វើឡើងជាការឆ្លើយតបចំពោះការកើនឡើងករណីឆ្លង COVID-19 នៅក្នុងចំណោមពលរដ្ឋអូស្ត្រាលី នៅតាមមណ្ឌលធ្វើចត្តាឡីស័ក ក្រោយពួកគេធ្វើដំណើរមកពីឥណ្ឌាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា អ្នកទាំងឡាយណាដែលមកពីប្រទេសឥណ្ឌា អាចនឹងប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ ឬអាចមានទោសឧក្រិដ្ឋដល់ថ្នាក់ ជាប់ពន្ធនាគាររហូតដល់ ០៥ឆ្នាំ ប្រសិនបើពួកគេចូលមកក្នុងប្រទេសឥណ្ឌា អំឡុងការអនុវត្តបម្រាមធ្វើដំណើរ។

បម្រាមធ្វើដំណើរលើអ្នកដំណើរមកពីឥណ្ឌា ចាប់ផ្តើមចូលជាធរមាននៅថ្ងៃចន្ទនេះ ហើយអាចនឹងត្រូវពិចារណាឡើងវិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ (ពីរសប្តាហ៍ក្រោយការអនុវត្ត)៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: