បច្ចេកវិទ្យា February 17, 2022

តើ OPPO ត្រៀមបង្ហាញផលិតផលអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC 2022?

Liny Chan

ប្រិយមិត្តអ្នកចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យា ប្រាកដជាមិនអាចព្រងើយកន្តើយចំពោះព្រឹត្តិការណ៍ខ្នាតយក្សប្រចាំឆ្នាំដ៏កក្រើក នោះគឺព្រឹត្តិការណ៍ MWC 2022 ឬ Mobile World Congress ដែលនាំមកនូវរបកគំហើញថ្មីៗក្នុងចង្កោមបច្ចេកវិទ្យា ដោយទទួលបានការចាប់អារម្មណ៍ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ហ្វេនៗដែលនិយមចូលចិត្តបច្ចេកវិទ្យា។

តើព្រឹត្តិការណ៍ MWC 2022 គឺជាអ្វី? តើព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិនៅក្នុងថ្ងៃខែណា? ហើយទីកន្លែងនៃព្រឹត្តិការណ៍នេះស្ថិតនៅក្នុងប្រទេសណា? តើគេបង្កើតព្រឹត្តិការណ៍នេះក្នុងគោលបំណងអ្វី?

ជាការពិតណាស់ ព្រឹត្តិការណ៍ MWC 2022 គឺជាពិព័រណ៍បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោកមួយដ៏ធំ ដែលប្រមូលផ្តុំចូលរួមពីក្រុមហ៊ុនធំៗជាច្រើនដើម្បីបង្ហាញនូវផលិតផលថ្មីៗ និងដំណោះស្រាយថ្មីៗដែលទាក់ទងជាមួយនឹងបច្ចេកវិទ្យានាពេលអនាគត។ សម្រាប់ព្រឹត្តិការណ៍នេះនឹងរៀបចំធ្វើចាប់ពីថ្ងៃទី28 កុម្ភៈ ដល់ថ្ងៃទី3 មីនា ឆ្នាំ2022 នៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ។

ជាមួយគ្នានេះផងដែរ ថ្មីៗនេះក្រុមហ៊ុនផលិតឧបករណ៍ឆ្លាតវៃលំដាប់ឈានមុខ OPPO ក៏បានប្រកាសថាខ្លួននឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទពិភពលោក MWC 2022 ក្រោមប្រធានបទ “Shape the Future”។ ហើយក្នុងឆ្នាំនេះ OPPO បានសន្យានឹងនាំយកផលិតផលថ្មី ទំនើបជាច្រើនដើម្បីបង្ហាញជូនដល់អ្នកគាំទ្រទូទាំងសកលលោកដោយមិនឲ្យខកចិត្ត។ ដូចនេះចង់ដឹងទេថា តើ OPPO គ្រោងនឹងដាក់បង្ហាញផលិតផលអ្វីខ្លះនៅទីនោះ?

បើតាមការបង្ហើបក្នុងឆ្នាំនេះ OPPO នឹងត្រៀមបង្ហាញចេញនូវផលិតផលថ្មីៗ សមិទ្ធិផល R&D នៅក្នុង AR បច្ចេកវិទ្យា 5G និងស្មាតហ្វូន Flagship មួយចំនួនទៀត។ ហើយ OPPO និយាយថាបានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែក និងបង្ហាញចេញនូវបច្ចេកវិទ្យាទំនើបៗជាច្រើននៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទពិភពលោក MWC 2022 នេះ ដើម្បីបង្កើតនូវកំណត់ត្រាថ្មី។ ហើយចុងក្រោយសូមជម្រាបថា កាលពីឆ្នាំ2021 កន្លងទៅ ក្រុមហ៊ុន OPPO បានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចដល់ទៅ 95% ទៅលើការវេចខ្ចប់ទូរស័ព្ទរបស់ខ្លួនហើយ OPPO ក៏ទទួលបាននូវកំណើនជាង 22% YoY ព្រមទាំងកាន់កាប់តំណែងទី4 នៅក្នុងទីផ្សារស្មាតហ្វូនពិភពលោកថែមទៀតផង។
ដូច្នេះដើម្បីជ្រាបច្បាស់ សូមរង់ចាំអ៊ុតមើលថា តើនឹងមានអ្វីកើតឡើងក្នុងឆ្នាំនេះ? ហើយ OPPO នឹងមានអ្វីមកបំបែកកំណត់ត្រាថ្មី?