ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឱ្យពលរដ្ឋនៅតំបន់ក្រហម មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ តាមកាលកំណត់ និងចៀសវាងនូវភាពកកកុញ

BY
Khmerpress
May 4, 2021
សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឱ្យពលរដ្ឋនៅតំបន់ក្រហម មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ តាមកាលកំណត់ និងចៀសវាងនូវភាពកកកុញ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ៖ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»។

ការអំពាវនាវបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងចំថ្ងៃទី៤ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ដើម្បីចាក់វ់ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានចំនួនជិត៥០ម៉ឺននាក់។

ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការជម្នះផលលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះរីករាយជាខ្លាំង។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី០៤ ខែឧសភានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”»។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៣ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៣,០៤៤នាក់ ស្រី ២២,៧៩៧នាក់។ សរុប៣ថ្ងៃចាក់បានចំនួន ១០០,៣៥៧នាក់ ស្រី ៥២,៣០០នាក់។

ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ២១,៩៣០នាក់ ខណ្ឌដង្កោ ចាក់បាន ២២,៦៣៤នាក់ ខណ្ឌកំបូល ចាក់បាន ២០,៥៥៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៣៥,២៣៥នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើតជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: