ភ្ញាក់ផ្អើល! OPPO បង្ហាញពីរបកគំហើញថ្មីនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 150W និង 240W SuperVOOC ដំបូងបង្អស់លើពិភពលោកក្នុងព្រឹត្តិការណ៍ MWC 2022
ដូចដែលបានដឹងថាព្រឹត្តិការណ៍ខ្នាតយក្សធំលំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ Mobile World Congress 2022 ឬ MWC 2022 បានធ្វើឡើងនៅទីក្រុងបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី28 កុម្ភៈ ដល់ថ្ងៃទី03 មីនា 202 ក្រោមការប្រមូលផ្តុំចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនលើសកលលោក ដែលព្រឹត្តិការណ៍នេះពិតជាកក្រើកមានមនុស្សជាច្រើនតាមដាន និងចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសសម្រាប់អ្នកនិយមខាងវិស័យបច្ចេកវិទ្យានេះផ្ទាល់តែម្តង។
អ្វីដែលជាទីចាប់អារម្មណ៍ជាងគេនៅក្នុងថ្ងៃបើកសម្ពោធសមាជ MWC 2022 ឃើញថាក្រុមហ៊ុនបច្ចេកវិទ្យា OPPO បាននាំនូវរបកគំហើញថ្មី និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានកាលពីមុនមកតាមការសន្យាដែលក្នុងនោះរួមមាន បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 150W SuperVOOC Flash Charge ដែលអាចបង្កើនអាយុជីវិតថាមពលសាកថ្មទូរស័ព្ទបានទ្វេដង និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 240W SuperVOOC Flash Charge ដែលអាចបំពេញថាមពលថ្មបានដល់ទៅ 4500mAh អាចផ្តល់ថាមពលថ្ម 100% ក្នុងរយៈពេលត្រឹមតែ 9 នាទីតែប៉ុណ្ណោះ ហើយអាចនិយាយបានថាវាជាការបំបែកកំណត់ត្រាជាមួយល្បឿនឈានមុខគេក្នុងឧស្សាហកម្មនេះ។ មិនត្រឹមតែប៉ុណ្ណោះ OPPO ក៏បានដាក់បង្ហាញនូវ 5G CPE T2 ដែលបំប្លែងពី 5G ទៅជា Wi-Fi ឲ្យមានល្បឿនលឿនបំផុត។ បន្ថែមពីនេះក៏ឃើញមានដាក់បង្ហាញនូវស្មាតហ្វូនម៉ូដែលចុងក្រោយបំផុតដូចជា Find X5 Series, Find N, និង OnePlus 10 Pro នៅលើឆាកតែមួយនិងជាលើកដំបូងផងដែរ។ ក្រៅពីនេះក៏មានដាក់បង្ហាញបច្ចេកវិទ្យាច្នៃប្រឌិតដូចជា MariSilicon X imaging NPU, OPPO Air Glass, OPPO Retractable Camera និងផលិតផលជាច្រើនផ្សេងៗទៀត។

ងាកមកនិយាយពីបច្ចេកវិទ្យាសាកថ្ម SuperVOOC ចាប់តាំងពី OPPO ដាក់បង្ហាញ SuperVOOC នៅក្នុងឆ្នាំ2014 បានឈានមុខគេទាំងការអភិវឌ្ឍន៍ និងការច្នៃប្រឌិតលើបច្ចេកវិទ្យា Flash Charging ហើយបើគិតមកត្រឹមខែធ្នូ ឆ្នាំ2021 អ្នកប្រើប្រាស់មិនតិចនោះទេជាង 220 លាននាក់ទូទាំងពិភពពលោកបានទទួលនូវបទពិសោធន៍មួយពីការសាកថ្មល្បឿនលឿនដែលប្រកបដោយសុវត្ថិភាព និងរហ័ស។ ដោយឡែកនៅក្នុងឆ្នាំ2022 OPPO បានរកឃើញរបកគំហើញថ្មីមកបង្ហាញជាផ្លូវការក្នុងព្រឹត្តិការណ៍ MWC 2022 ពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 150W SUPERVOOC ដែលអាចសាកថ្មទំហំ 4500mAh ដល់ 50% ក្នុងរយៈពេល 5 នាទី និងសាកពេញ 100% ក្នុងពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ OPPO ក៏បំបែកកំណត់ត្រាថ្មីជាមួយបច្ចេកវិទ្យាសាកថ្ម 240W SuperVOOC Flash Charge ដែលអាចសាកថ្ម 4500mAh និងផ្តល់ថាមពលថ្មពេញ 100% ក្នុងរយៈពេលប្រហែល 9 នាទីតែប៉ុណ្ណោះ ពិតជាមិនធម្មតាជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនឈានមុខក្នុងឧស្សាហកម្មនេះ។

បន្ទាប់មកទៀតគឺឧបករណ៍ OPPO 5G CPE T2 ដែលបំប្លែងសញ្ញា 5G ទៅជាការភ្ជាប់ Wi-Fi ឲ្យមានល្បឿនលឿនព្រមទាំងមានស្ថេរភាព ដែលអនុញ្ញាតឲ្យឧបករណ៍ដទៃអាចភ្ជាប់បានមិនថានៅក្នុងការិយាល័យ នៅក្នុងផ្ទះ -ល-។ គួរបញ្ជាក់ផងដែរថា OPPO 5G CPE T2 ជាផលិតផលចុងក្រោយបង្អស់ក្នុងត្រកូល 5G CPE ដែលមានប្រព័ន្ធ Qualcomm® SnapdragonTM X62 5G modem-RF និងអង់តែនឆ្លាតវៃ O-Reserve 2.0 ដែលបានអាប់ដេតដោយ OPPO។

ម្លោះហើយ ជឿជាក់ថានៅពេលអនាគត OPPO នឹងបន្តវិវត្តជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតលេចឡើងជុំវិញខ្លួនយើង និងធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងទៅមុខជានិច្ច៕

