ព័ត៌មានជាតិ April 5, 2021

ក្រុងកំពង់ឆ្នាំង រកឃើញ២៤នាក់ ពាក់ព័ន្ធនឹងលោក សោម ឡូ ដែលកើតកូវីដ១៩, អាជ្ញាធរអំពាវនាវអ្នកពាក់ព័ន្ធ ទៅយកសំណាក នៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់

Khmerpress

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មានមនុស្ស២៤នាក់ បានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងលោក សោម ឡូ ដែលត្រូវបានប្រកាសថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ទៅយកសំណាកធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់។

យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់បន្ថែមថា គ្លីនិកព្យាបាលជំងឺទូទៅ និងកុមារ របស់លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ស្ថិតនៅផ្ទះលេខ B 156 ផ្លូវលេខ ៤០ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដខាងលើ ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងបន្ថែមថា គ្លីនិកវេជ្ជបណ្ឌិត ប៉ុល ប៊ូ កន្លងមកមានមានការពាក់ព័ន្ធនឹងបុរសជនជាតិខ្មែរឈ្មោះ សោម ឡូ ដែលជាអ្នកត្រួតពិនិត្យគុណភាព របស់រោងចក្រមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នឈ្មោះ សោម ឡូ បានទៅរស់នៅផ្ទះរបស់គាត់ ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ឃ្លេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ដោយមានអការៈក្តៅខ្លួនលើស ៣៨ អង្សាសេ និងពិបាកដកដង្ហើម គាត់បានទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីយកសំណាកទៅពិនិត្យ ហើយក្រុមគ្រូពេទ្យ បានដាក់គាត់ឱ្យព្យាបាលនៅដាច់ដោយឡែកផ្នែកអ្នកជំងឺឆ្លង។ បន្ទាប់ពីមានការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ១៤ថ្ងៃ ប៉ុន្តែលុះដល់ម៉ោង ៧៖០០យប់ ថ្ងៃ ខែ ឆ្នាំ ដដែល គាត់ ក៏បានជិះម៉ូតូកង់បីរបស់ឈ្មោះ ពិន ប៉ូ មកពិនិត្យសុខភាពនៅគ្លីនិក ប៉ុល ប៊ូ ហើយបានដាក់សេរ៉ូម និងថ្នាំមួយចំនួនលេបនៅផ្ទះ។

លុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បុរសនោះបានទៅពិនិត្យនៅគ្លីនិកខាងលើម្តងទៀត ដោយបានដាក់សេរ៉ូម និងប្រើប្រាស់ថ្នាំលេបដដែល។ លុះដល់វេលម៉ោ ១១៖០០នាទីព្រឹក បុរសនោះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងម្តងទៀត ដោយមានអាការៈកាន់តែធ្ងន់ធ្ងរ។ បន្ទាប់ពីយកសំណាកលើកទី២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ (ឈ្មោះ សោម ឡូ) ត្រូវបានគ្រូពេទ្យយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ និងបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ក្នុងព្រឹត្តិការណ៍នេះក៏មានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលសរុប ២៤នាក់ ស្រី១៤នាក់ គឺគ្លីនិក ប៉ុល ប៊ូ ចំនួន ០៧នាក់ ស្រី ០៣នាក់ ម្ចាស់ម៉ូតូកង់បី ឈ្មោះ ពិន ប៉ូ អ្នកពាក់ព័ន្ធជាមួយ ឈ្មោះ សោម ឡូ ប្រពន្ធរបស់គាត់ឈ្មោះ ពិន វ៉ាន សរុបចំនួន ១៧ នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

រដ្ឋបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលទាំងអស់ មេត្តាប្រញាប់រួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews