MV « អ្នកចម្បាំង » តំណាងឲ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ កីឡា Sea Games-ASEAN Para Games 2023 ចំណាយជាង ២០ម៉ឺនដុល្លារ
ភ្នំពេញ៖ “សង្រ្កាន្តម្លប់ឆត្របុស្បា” បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ កាលពីថ្ងៃទី០៩ ដល់ទី១០ ខែមេសា ឆ្នាំ២០២២ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ដែលស្ថិតក្នុងភូមិត្រពាំងចាកសង្កាត់ព្រៃវែងខាងលិចខណ្ឌដង្កោរាជធានីភ្នំពេញបានបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំងតាមរយៈការលេងល្បែងប្រជាប្រិយ ការលេងហ្គេមយករង្វាន់ ការប្រគំតន្តី្រដែលមានសិល្បករសិល្បការិនីនិងតារាចម្រៀងជើងចាស់និងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត។
នៅក្នុងកម្មវិធី “សង្រ្កាន្តម្លប់ឆត្របុស្បា” នេះ អ្វីគួរឱ្យកត់សម្គាល់គឺបានរំលេចនូវក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងបទចម្រៀង MV « អ្នកចម្បាំង » ដែលផលិតឡើងដោយផលិតកម្មរាម ដែលមានស្រីអូនសម្រស់ធម្មជាតិនិងម្ចាស់គម្រោងបុរីបុស្បា ជាស្ថាបនិក។
គួររម្លឹកថានៅក្នុងកម្មវិធីសង្រ្កាន្តម្លប់ឆត្របុស្បា”កាលពីថ្ងៃទី៩ខែមេសាមានការហែក្បួនល្បុក្កតោក្នុងគោលបំណងលើកតម្កើងនូវក្បាច់គុនល្បុកតោឱ្យកូនខ្មែរនិងពិភពលោកបានស្គាល់ បានដឹងពីល្បុក្កតោរបស់ខ្មែរ ក៏ដូចជាបំផុសស្មារតីឱ្យកូនខ្មែរ យុវជនខ្មែរបង្កើនការគាំទ្រ និងរួបរួមគ្នាដើម្បីបង្ហាញថាល្បុកតោជារបស់ខ្មែរ និងលើកតម្កើងការពារ និងតម្កល់ជាបេតិកភណ្ឌពិភពលោក។

ទាក់ទងនឹង MV « អ្នកចម្បាំង » លោក សេង ចំណាន នាយកផលិតកម្មរាម (Executive Producer)បានមានប្រសាសន៍ថា៖ចំរៀង « អ្នកចម្បាំង » នេះសំដៅដល់ការដឹងនូវគុណបការៈនៃដូនតាខ្មែរជាអ្នកចម្បាំងគ្រប់រូប ដែលបានបូជាជិវិតក្នុងគ្រាចម្បាំង ការពារទឹកដី និងបន្សល់នូវក្បួនគម្ពឺ ប្រាសាទថ្ម បុរាណ ចំណេះដឹង វប្បធម៌ ដ៏ផូរផង់សំរាប់ យុវជនខ្មែរគ្រប់រូប។ យើងមិនភ្លេចថា ពួកយើងជា ពូជពង្សនៃអ្នកចម្បាំងឡើយ ។ គ្រាមុនដូនតាខ្មែរច្បាំងដោយប្រើក្បាច់គុណ មន្តអាគម និងប្រើអាវុធបុរាណ ហើយយុវជន ជំនាន់ក្រោយ ក៏ជាអ្នកចម្បាំង ដែលនឹងច្បាំងនូវរាល់ឧបសគ្គទាំងឡាយ ដើម្បីបង្ហាញអត្តសញ្ញាណរបស់ពួកយើងលើឆាកអន្តរជាតិស្របទៅតាម ទស្សនៈវិស័យនៃផលិតកម្មរាម « នាំកម្ពុជាទៅកាន់ពិភពលោក » REAM Bring Cambodia to the world។

អ្វីជាមូលហេតុនៅពីក្រោយការផលិតបទចម្រៀងនេះ? ស្រីអូន- ស្ថាបនិកផលិតកម្មរាម បានឱ្យដឹងថា៖ ចក្ខុវស័យរបស់ផលិតកម្ម ក្នុងការលើកស្ទួយសិល្បៈខ្មែរ កេរ្តិ៍ដំណែលដូនតាខ្មែរ និង ចង់ឱ្យពិភពលោកដឹងថាកម្ពុជានៅទីនេះ នេះជាកម្ពុជា ក៏អាចធ្វើបាននូវMVដែលមានគុណភាពនិងត្រៀមខ្លួរួចរាល់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិក្នុងឧស្សាហកម្មភាពយន្ត។យើងមើលឃើញកេរ្តិ៍ដំណែលដូនតាជាគុណល្បុក្កតោមួយនេះពិតជាអស្ចារ្យប៉ុន្តែយើងទាំងអស់គ្នាមិនទាន់បានធ្វើអ្វីមួយឱ្យសក្តិសមទៅនិងភាពអស្ចារ្យនេះ ដូចនេះហើយបានជាយើងប្រឹងប្រែងសម្រិតសម្រាំង បង្កើតរូបភាពនេះ ដើម្បីបង្ហាញដល់កូនខ្មែរ និងបន្តទុកជាស្នាដៃសម្រាប់ កូនខ្មែរជំនាន់អោយបានស្គាល់ និងយល់ច្បាស់ថានេះជារបស់ខ្មែរ។
លោក អ៊ួ តារា អគ្គលេខាធិការរង និងជាអ្នកដឹកនាំ MV បានឱ្យដឹងថា៖ MVនេះ មានអ្នកចូលរួមច្រើន។ ក្រុមការងារបច្ចេកទេស ដ៏ជំនាញនៃផលិតកម្មរាមចំនួន ៥៩ នាក់ សហការផលិតដោយសហព័ន្ធល្បុកត្តោកម្ពុជា មានសមាជិកចូលរួម ១៩នាក់ ព្រមទាំងទទួលបាន គាំទ្រពីអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ ។ ចំរៀងនេះ មិនមែនសំរាប់តែផលិតកម្ម រាម ប៉ុណ្ណោះទេ គឺសំរាប់ជាតិ និងប្រជាជនកម្ពុជា ។

លោកបានបន្តថា៖ បទចំរៀង « អ្នកចម្បាំង » មានគោលបំណងដើម្បីផ្សព្វផ្សាយក្បាច់គុនល្បុកត្តោ ជាក្បាច់គុណតំណាងឲ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡា Sea Games-ASEAN Para Games 2023 ដែលនេះជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្រ្ត នៃកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ ។ ការទទួលខុសត្រូវដ៏សម្បើមនេះ ពួកយើងត្រូវធ្វើការ យ៉ាងហ្មត់ចត់អំពីប្រវត្តិសាស្រ្ត គុណខ្មែរក្បាច់ប្រយុទ្ធ សំលៀកបំពាក់បច្ចេកទេស សំភារៈនេះជាហេតុដែលយើងប្រើប្រាស់ Camera Arri Alexa Mini LF លំដាប់ស្តង់ដារ Hollywood ដើម្បីបានរូបភាពល្អ ឥតខ្ចោះក្នុងចំរៀងនេះ។ ឧបសគ្គនៃអាកាសធាតុទីតាំងភូមិសាស្រ្ត និងការចល័ត ក្រុមការងារធំ សំភារៈច្រើនលើទីតាំង ប្រាសាទ និងភ្នំជាការលំបាកដ៏ធំ តែពួកយើងបានសំរេចលទ្ធផលដ៏អស្ចារ្យក្រោមស្មារតី « ក្រុមគ្រួសាររាម »។
ទាក់ទងនឹងការការចំណាយលោក សេង ចំណាន បានប្រាប់ថា៖ចម្រៀងសម្រាប់ជាតិ ជាប្រវត្តិសាស្រ្តនេះ ការចំណាយសរុបទាំងអស់ប្រមាណជាង ២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ។






