លោក គឹម សន្តិភាព៖ អ្នកគេចវេសមិនធ្វើចត្តាឡីស័ក បើចម្លងគេ «គុក»
(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានលើកឡើងថា អ្នករត់គេចពីកន្លែងធ្វើចត្តាឡីស័ក ឬគេចវេះមិនធ្វើចត្តាឡីស័ក បើមិនចម្លងគេ នឹងត្រូវ «ពិន័យ» ប៉ុន្តែបើចម្លងគេនឹងត្រូវជាប់ពន្ធនាគារ។
លោក គឹម សន្តិភាព បានបញ្ជាក់នៅលើហ្វេសបុកជាមួយនឹងការបង្ហោះខ្លឹមសារអនុក្រឹត្យដូច្នេះថា៖ «សូមក្រើនរំលឹក! បើមិនចម្លងគេ “ពិន័យ” បើចម្លងគេ “គុក” សម្រាប់អ្នកដែលគេចវេស ឬគេចចេញពីកន្លែងចត្តាឡីស័ក»។
ដើម្បីទប់ស្កាត់រីករាលដាលជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ និងអនុក្រឹត្យ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សម្រាប់អ្នកគិចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក បើតាមមាត្រា២២ នៃអនុក្រឹត្យចែងថា «បទគេចវេះមិនធ្វើចត្តាឡីស័ក ឬចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល (បើមិនបានបណ្តាលឱ្យមានការច្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ)។
ដោយឡែកមាត្រា៧ នៃច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យប្រាក់២លានរៀល ទៅ១០លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ)៕ ផ្តល់សិទ្ធិដោយ៖ freshnews