អាល់កុលក្លែងក្លាយជាង១២តោន ត្រូវបានមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម បង្រ្កាបនៅទីតាំងស្តុកទុក និងបម្រុងលក់ចូលទីផ្សារ
(ភ្នំពេញ)៖ អនុវត្តតាមការណែនាំជាប្រចាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានដកហូតអាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត នៅទីតាំងស្តុកទុក បម្រុងលក់ចូលទីផ្សារ ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដានត្រឡប់ (Trace Back) លើករណីបង្ក្រាប អាល់កុលក្លែងក្លាយ នៅម្តុំអូឡាំពិក កាលពីពេលថ្មីនេះ ដោយកំណត់យកទីតាំងសង្ស័យមួយចំនួន តួយ៉ាងទីតាំងឃ្លាំងគ្មានលេខ ផ្លូវ២៩២ កែងផ្លូវ១៥៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង ដែលសង្ស័យស្តុកអាល់កុលក្លែងក្លាយ ត្រៀមចែកចាយលើទីផ្សារ ត្រូវបានមន្ត្រីជំនាញស្នើសុំគោលការណ៍ ពីស្ថាប័នអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបនៅរសៀលថ្ងៃដដែលនេះ។
ជាលទ្ធផល ដោយមានការឯកភាពពីស្ថាប័នអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញ និងកិច្ចសហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាបលើទីតាំងឃ្លាំងខាងលើ និងបានធ្វើតេស្តតាមរយៈរថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញ វត្តមាន អាល់កុលក្លែងក្លាយ ឬសាធាតុមេតាណុល បានចំនួន ៤១២កាន ស្មើនឹង ១២,៣៦០លីត្រ ត្រូវបានរឹបអូស និងចាត់ចែងបន្ត តាមនីតិវិធីច្បាប់។
សូមរំលឹកផងដែរ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រហូតមកដល់ថ្ងៃនេះ អាល់កុលក្លែងក្លាយ ចំនួនប្រហែលជិត៣០តោន ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បង្រ្កាបជាបន្តបន្ទាប់។
អគ្គនាយកដ្ឋាន ក.ប.ប. ជាថ្មីម្តងទៀត សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផល អាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំ ជាអាល់កុលលក់ ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាច ទប់ស្កាត់ការចម្លង មេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាព អ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈម ចំពោះច្បាប់ដល់ខ្លួនថែមទៀតផង។
ជាមួយគ្នានេះដែរ ក្នុងស្មារតី នៃការការពារផលប្រយោជន៍ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន នឹងបន្តអនុវត្តជំនាញរបស់ខ្លួន ក្នុងការបង្ក្រាបការចរាចរអាល់កុលក្លែងក្លាយនេះឱ្យខានតែបាន ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្តាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការទទួលបានអាល់កុល ប្រកបដោយគុណភាព និងសុវត្ថិភាព ក្នុងការប្រើប្រាស់ ក្នុងការសម្លាប់មេរោគ៕ ផ្តល់សិទ្ធិដោយ៖ Freshnews