មុខម្ហូបខ្មែរ នឹងបង្ហាញវត្តមាននៅមុខ Tour Eiffel ទីក្រុងប៉ារីស ប្រទេសបារាំង
(ប៉ារីស)៖ ជាដំណឹងល្អសម្រាប់បងប្អូនខ្មែរដែលរស់នៅប្រទេសបារាំង ដែលមុខម្ហូបខ្មែរនឹងបង្ហាញវត្តមាននៅកម្មវិធីភូមិមុខម្ហូបអន្តរជាតិ (programme du Village International de la Gastronomie) ដែលធ្វើឡើងចាប់ផ្ដើមនៅថ្ងៃនេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
«ភូមិមុខម្ហូបអន្តរជាតិ» ធ្វើឡើងនៅមុខ Tour Eiffel (សួនច្បារ Trocadéro) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់ មាន៤៦ប្រទេសចូលរួម(អាស៊ី អឺរ៉ុប និងអាហ្វ្រិក) និងមាន ៧៥ស្តង់ម្ហូប។

ដោយស្ថានទូតកម្ពុជានឹងដាក់តាំងបង្ហាញ អាម៉ុក នំបញ្ចុកសម្លខ្មែរ/សម្លការី សាច់គោអាំង នំកង អង្ករម្លិះ ស្ករត្នោតកំពង់ស្ពឺ ម្រេចកំពត និងសៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ The Taste of Angkor ដែលជាសៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្តាច់គេប្រចាំឆ្នាំ២០២១ និង២០២២។
ជាពិសេសក្រៅពីការបង្ហាញម្ហូបអាហារនៅពេលល្ងាច នឹងមានការសំដែងរបាំក្ងោក និងរបាំកម្រងផ្កា ថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

