Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យទីតាំងល្បែងសុីសង៣ទីតាំង ក្នុងក្រុងបាវិត រកឃើញមួយទីតាំងប្រព្រឹត្តល្មើស

    BY Khmerpress October 13, 2022
    អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យទីតាំងល្បែងសុីសង៣ទីតាំង ក្នុងក្រុងបាវិត រកឃើញមួយទីតាំងប្រព្រឹត្តល្មើស

    (ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងលោក សេង សីលាអភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរក្រុងបាវិត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន ៣ទីតាំង ក្នុងនោះរកឃើញទីតាំងមួយកន្លែងកំពុងលេងល្បែងបៀរ។

    នគរបាលក្រុងបាវិត បានឱ្យដឹងថា អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងចំនួន៣ទីតាំង៖

    *ទីតាំងទី១៖ នៅផ្ទះលោក សាំង សារ៉ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំឱ្យមានលួចលាក់បើកឡើងវិញ ព្រោះវាជាល្បែងដែរខុសច្បាប់។

    *ទីតាំងទី២៖ នៅផ្ទះលោក វ៉ា រត្ន័មុន្នី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឃើញមានការលេងល្បែង (បៀរ) ចំនួន៤នាក់ ពេលនោះក្រុមការងារក៏បានណែនាំឱ្យឈប់លេងបន្តទៀត ព្រោះវាជាល្បែងដែរខុសច្បាប់ និងឱ្យត្រឡប់ទៅផ្ទះវិញ ព្រមទាំងបានណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកទីតាំងឱ្យលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។

    និងទីតាំងទី៣៖ ផ្ទះឈ្មោះ ចាន់ ថាប់ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែម ដល់ម្ចាស់ទីតាំងខាងលើកុំឱ្យមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។

    លោក ម៉ែន អេង បានផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការជួញដូរ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការបន្តជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: