Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ទន្លេប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង

    BY Khmerpress October 14, 2022
    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ទន្លេប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតពជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពានាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។

    នៅលើផេកផ្លូវការថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង ដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឱ្យស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ សម្ដេចតេជោបាន ស្នើឱ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសព និងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ សម្ដេតេជោនាយករដ្ឋមន្ត្រី ក៏សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។

    គួរបញ្ជាក់ដែរថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកចម្លងនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឱ្យសិស្សានុសិស្ស ដែលជិះលើទូកប្រមាណ១៥នាក់ បានធ្លាក់ចូលទឹក។បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច រហូតដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញសាកសពក្មេងលង់ទឹក ចំនួន ១០នាក់ សង្គ្រោះ៤នាក់ និងកំពុងបាត់ខ្លួន១នាក់ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: