វត្ថុសិល្បៈបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៍នៅសារមន្ទីរ ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក
យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា វត្ថុសិល្បៈបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៍នៅសារមន្ទីរ The Natural History Museum of Utah ក្នុងទីក្រុង Salt Lake នៃរដ្ឋ Utah សហរដ្ឋអាមេរិក។ ពិព័រណ៍នេះមានចំណងជើងថា “Angkor -The Lost Empire of Cambodia” ដាក់តាំងបង្ហាញចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
វត្ថុបុរាណខ្មែរចំនួន ៧៦វត្ថុត្រូវបានជ្រើសពីសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា និង ២៥វត្ថុជ្រើសពីអភិរក្សដ្ឋានអង្គរ ក្នុងខេត្តសៀមរាប។ វត្ថុទាំងនោះធ្វើអំពីថ្ម សំរឹទ្ធ ដីដុត និងឈើ។
ពិព័រណ៍នេះបង្ហាញអំពី រឿងរ៉ាវនៃអង្គរដែលទាក់ទងនឹងវិស្វកម្ម និងវប្បធម៌ដ៏មហស្ចារ្យនៅសម័យបុរាណ តាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ការរីកចម្រើន ការដួលរលំ និងរឿងរ៉ាវផ្សេងៗដែលយើងបានដឹង។ ក្នុងន័យនេះ ពិព័រណ៍នេះក៏ប្រាប់យើងពីរឿងរ៉ាវនៃវិទ្យាសាស្ត្រ ទាំងការវិវឌ្ឍន៍ និងទ្រង់ទ្រាយនៃចំណេះដឹង ដែលជួយយើងឲ្យស្វែងយល់កាន់តែច្បាស់ពីពិភពលោករបស់យើង។
ការប្រើប្រាស់ឧបករណ៍នានានៃបុរាណវិទ្យា តាំងពីការបកស្រាយសិលាចារឹក ការសិក្សាពីលើអាកាស និងការស្កែនឡាស៊ែរ ដើម្បីរុករកភាពប្រឈមនៃបរិស្ថាន ដែលអាចសម្រួចអនាគតកាល។ អ្នកទស្សនាពិព័រណ៌នឹងរកឃើញពីរបៀបដែលវិទ្យាសាស្ត្របានផ្តល់ព័ត៌មានពីការរីកចម្រើន ការដួលរលំ និងកេរដំណែលនៃអង្គរនាសម័យបុរាណ៕ ប្រភព៖ សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia








