សង្គម

ជួយចូលរួមបរិច្ចាគទាំងអស់គ្នា! សាលាអង្គការមួយដែលមានក្មេងៗមកពីគ្រួសារក្រីក្រពឹងផ្អែករៀនសូត្ររយៈពេលជាង១៧ឆ្នាំ ពេលនេះប្រឈមមុខនឹងការបិទទ្វារ ព្រោះតែខ្វះជំនួយឧបត្ថម្ភ

BY
Khmerpress
November 22, 2022
ជួយចូលរួមបរិច្ចាគទាំងអស់គ្នា! សាលាអង្គការមួយដែលមានក្មេងៗមកពីគ្រួសារក្រីក្រពឹងផ្អែករៀនសូត្ររយៈពេលជាង១៧ឆ្នាំ ពេលនេះប្រឈមមុខនឹងការបិទទ្វារ ព្រោះតែខ្វះជំនួយឧបត្ថម្ភ

(ភ្នំពេញ)៖ អង្គការមេត្រីភាពដើម្បីកុមារ និងយុវជន ដែលបើកសាលារៀន បង្រៀនក្មេងៗដែលមកពីគ្រួសារក្រីក្រ ដោយមិនគិតថ្លៃនោះ ពេលនេះបានប្រឈមមុខនឹងការបិទទ្វារ ព្រោះតែខ្វះខាតជំនួយឧបត្ថម្ភ។ នេះបើយោងតាមការបង្ហោះរបស់លោក អោម តារា ដែលជាស្ថាបនិកនៃអង្គការមេត្រីភាពដើម្បីកុមារ និងយុវជន។

លោក អោម តារា បានសរសេររៀបរាប់ថា៖ «គោរពជូនបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា! ខ្ញុំពិតជាអៀនខ្មាសណាស់ដែលមកទល់ពេលនេះនៅតែលើកដៃសុំបងប្អូនជួយជាថ្មី។ ជាការពិតកន្លងមកនេះមានខ្មែរអនិកជនបានមកធានាធ្វើSponsor ជួយសាលាអង្គការក្នុងឆ្នាំ២០២៣ខាងមុខ ធ្វើឱ្យខ្ញុំមានក្តីសង្ឃឹមថាអ្វីៗអាចដំណើរការទៅរលូនវិញ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា អ្នកសន្យានោះគាត់បែរជាសន្យាចោលគ្មានការទទួលខុសត្រូវ។ មកទល់ថ្ងៃនេះសាលាដំណើរការដោយប្រើថវិកាសល់ពីការបរិច្ចាគរបស់បងប្អូនកាលពីឆ្នាំ២០២១ និងថវិកាដែលបងប្អូនបានបរិច្ចាគហូរហែដោយទឹកចិត្តចែករំលែក ប៉ុន្តែថវិកានេះមិនអាចឱ្យអង្គការបន្តសកម្មភាពទៅឆ្នាំ២០២៣បានទេ ព្រោះសូម្បីតែប្រាក់ឧបត្ថម្ភគ្រូក៏យើងមិនមានលទ្ធភាពផ្តល់ជូនពួកគាត់ក្នុងខែខាងមុខនេះដែរ។

ក្នុងនាមជាស្ថាបនិកនៃអង្គការ ខ្ញុំមានតែសុំអង្វរដល់បងប្អូនជាថ្មីមេត្តាជួយជាវិភាគទានតិចក្តីច្រើនក្តីតាមសទ្ធាដែលអាចសង្គ្រោះអង្គការពីការបិទទ្វារ ពិតមែនហើយការប្រកាសបិទគឺងាយ តែវាមិនងាយទេចំពោះក្មេងៗក្នុងគ្រួសារក្រីក្រដែលពឹងលើសាលាអង្គការដូចផ្ទះទីពីររបស់ខ្លួន។ អង្គការនេះដំណើរការមក១៧ឆ្នាំមកហើយ តាមរយៈការជួយឧបត្ថម្ភសប្បុរសជនដែលជានិវត្តន៍ជនអូស្រ្តាលី ពួកគាត់បានបរិច្ចាគប្រាក់សោធនរបស់គាត់រាល់ខែជួយចិញ្ចឹមឱ្យក្មេងរើសអេតចាយក្នុងអង្គការរបស់ខ្ញុំឱ្យមានឱកាសបានរៀនដូចក្មេងដទៃ។

ក្នុងរយៈពេលកូវីដពីរឆ្នាំ ២០២០-២០២១ ម្ចាស់ជំនួយទាំងនោះបានសុំផ្អាកជំនួយដោយពួកគាត់មានវិបត្តិហិរញ្ញវត្ថុរៀងខ្លួន អ្នកខ្លះមានជម្ងឺដោយចាស់ជរា និងឆ្លងកូវីដ។ នៅក្នុងចន្លោះឆ្នាំ ២០២០-២០២២នេះ អ្វីដែលអង្គការអាចបន្តសកម្មភាពមកបានគឺជាថវិកាដែលបងប្អូនបានផ្តល់វិភាគទាន តាមរយៈយុទ្ធនាការ #1$ដើម្បីកុមារក្រីក្រសិក្សា។ ថវិកានេះបានផ្តល់លទ្ធភាពឱ្យក្មេងៗដែលជាកូនគ្រួសារក្រីក្រ រើសអេតចាយ លក់លៀសហាល កូនកម្មករសំណង់ បានបន្តការសិក្សាមកទល់ថ្ងៃនេះ។

យើងគ្មានជម្រើសក្រៅពីសុំអង្វរបងប្អូនជួយជាថ្មី ដើម្បីក្មេងៗក្រីក្របានបន្តការសិក្សា បើពុំនោះទេជម្រើសរបស់យើងគឺបិទសាលា ព្រោះយើងមិនអាចដំណើរការដោយគ្មានថវិកាទ្រទ្រង់បានឡើយ។ គណនីអង្គការ ABA 004586627»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: