Khmerpress

ស្វែងរក

សង្គម

នៅចាំកុមារអាយុ៧ឆ្នាំ ចេះធ្វេីលំហាត់គណិតទី១២បានទេ? ពេលនេះ គីម ហុង អាយុ១៣ឆ្នាំ ទើបតែបញ្ចប់ការប្រឡងបាក់ឌុបរួចរាល់

BY Khmerpress December 7, 2022
នៅចាំកុមារអាយុ៧ឆ្នាំ ចេះធ្វេីលំហាត់គណិតទី១២បានទេ? ពេលនេះ គីម ហុង អាយុ១៣ឆ្នាំ ទើបតែបញ្ចប់ការប្រឡងបាក់ឌុបរួចរាល់

(ភ្នំពេញ)៖ មហាជនប្រាកដច្បាស់ជានៅចាំ កុមារ ហ៊ឺ ទៀង គីមហុង ដែលមានភាពលេចធ្លោជាខ្លាំង ដោយកាលពីឆ្នាំ២០១៧កុមាររូបនេះ បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងសមត្ថភាពវ័យឆ្លាត ដោយកាលនោះកុមាររូបនេះមានអាយុទើបតែ៧ឆ្នាំប៉ុណ្ណោះតែមានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២បានយ៉ាងល្អ។ ក្នុងនោះផងដែរ ហ៊ឺ ទៀង គីមហុង ក្នុងឆ្នាំនេះមានវ័យ១៣ឆ្នាំក៏ទើបតែបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យកាលប្រឡង ០៥ ធ្នូ ២០២២ នេះបើយោងតាមការបង្ហោះរបស់លោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។

លោកបានសរសេររៀបរាប់ថា៖ «គីម ហុង អាយុ១៣ឆ្នាំហើយ! ប្រឡងបាក់ឌុបរួចនៅថ្ងៃទី ៦ ធ្នូ ២០២២! ពូពិតជាសប្បាយរីករាយនិងសូមអបអរសាទរក្មួយ ហ៊ឺ ទៀងគីមហុង ដែលបានខិតខំរៀនសូត្ររហូតឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ធ្នូ ២០២២ ដែលទើបបានបញ្ចប់នៅថ្ងៃទី ០៦ ធ្នូ នេះ។ ផ្អែកលើសមត្ថភាពដ៏ពិសេសនេះ ពូសង្ឃឹមថាក្មួយនឹងប្រឡងជាប់ជាក់ជាមិខាន ។ ខ្ញុំសូមអរគុណ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប (Beltei) និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែលបានផ្តល់អាហារូបករណ៍ដល់ក្មួយអោយទទួលបានការសិក្សានៅសាលាប៊ែលធីអន្តរជាតិរហូតមកទល់ពេលនេះ និងសូមអរគុណលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់អប់រំបង្ហាត់បង្រៀនក្មួយហុងអោយក្លាយជាកូនសិស្សល្អប្រកបដោយសមត្ថភាពខ្ពស់។ ខ្ញុំបាទសូមគោរពអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទំនុកបម្រុងឧបត្ថម្ភជម្រកស្នាក់នៅព្រមទាំងថវិកាឧបត្ថម្ភដល់ការសិក្សារបស់ក្មួយ គីមហុង និងក្រុមគ្រួសារនៅក្នុងរាជធានីភ្នំពេញ។ ពូមានជំនឿនិងសង្ឃឹមយ៉ាងមុតមាំលើសមត្ថភាពក្មួយ គីមហុង និងសូមជូនពរក្មួយឲ្យប្រឡងបានជាប់បាក់ឌុបជាស្ថាពរ។ យើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លា»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: