ព័ត៌មានជាតិ

រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់នៅខេត្តតាកែវ ដែលជាអាជីវករនៅផ្សារអូរឬស្សី និងស្នាក់នៅក្បែរផ្សារ

BY
Khmerpress
April 10, 2021
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់នៅខេត្តតាកែវ ដែលជាអាជីវករនៅផ្សារអូរឬស្សី និងស្នាក់នៅក្បែរផ្សារ

(តាកែវ)៖ មនុស្សចំនួន៣នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តតាកែវ ដែលជាអាជីវករនៅផ្សារអូរឬស្សី និងស្នាក់នៅក្បែរផ្សារតែម្តង រួចហើយពួកគេបានទៅស្រុកកំណើត។ មនុស្សទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកកូវីដទាំង៣នាក់នេះ រស់នៅក្រុងដូនកែវ, រស់នៅស្រុកកោះអណ្តែត និងរស់នៅស្រុកសំរោង។

សម្រាប់អ្នករកឃើញវិជ្ជមានទាំង៣រួមមាន៖

ករណីទី១៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានប្រជាពលរដ្ឋឈ្មោះ លៀង សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅមណ្ឌលអូរឬស្សី៣ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរអាជីវករនៅផ្សារអូរឬស្សី រាជធានីភ្នំពេញ បានមកលេងផ្ទះប្រពន្ធ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។

លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លទ្ធផលតេស្តរបស់បុគ្គលខាងលើ (ធ្វើតេស្ដលើកទី០៣ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១) គឺវិជ្ជមានជំងឺកូវីដ១៩ បច្ចុប្បន្ន ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ ចាត់បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយបុគ្គលខាងលើ ចំនួន០៤នាក់ ស្រី០៣នាក់ (ទារកអាយុ០៤ខែម្នាក់) បច្ចុប្បន្ន ត្រូវបានអាជ្ញាធរណែនាំឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ករណីទី២៖ ឈ្មោះ អុិន សុខគា ភេទស្រី អាយុ២២ឆ្នាំ លក់ដូរឱ្យគេនៅផ្សារអូរឬស្សី រាជធានីភ្នំពេញ បានវិលត្រឡប់មកផ្ទះខ្លួនស្ថិតក្នុងភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ លុះដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
ដោយមានសុខភាពមិនសូវស្រួល គាត់បានទៅពិនិត្យសុខភាពរបស់ខ្លួននៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានសម្រាកនៅមន្ទីរពេទ្យរហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លទ្ធផលយកវត្ថុសំណាកទៅធ្វើតេស្ត គឺវិជ្ជមានជម្ងឺកូវីដ១៩។

បច្ចុប្បន្នឈ្មោះ អុិន សុខគា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន ០២នាក់(ស្រី) (ត្រូវជាម្តាយ និងកូនអាយុ១៧ខែ) អាជ្ញាធរបានណែនាំឱ្យ
ពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ និងអនុវត្តតាមវិធានសុខាភិបាល។

ករណីទី៣៖ ឈ្មោះ ខឹម បញ្ញា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរចុងភៅនៅបឹងត្របែក ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្តិនៅម្តុំផ្សារអូរឬស្សី បានមកលេងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិស្លាខាងកើត ឃុំស្លា ស្រុកសំរោង កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ពេលមកដល់ភ្លាមត្រូវបានអាជ្ញាធរណែនាំឱ្យធ្វើចត្តាឡីស័កនៅផ្ទះ។

លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទីព្រឹក បានបញ្ជូនបុគ្គលខាងលើទៅយកវត្ថុសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយពីទទួលព័ត៌មានថា អ្នកស្នាក់នៅបន្ទប់ជួលជាមួយគ្នាវិជ្ជមានកូវីដ-១៩។ រហូតដល់ម៉ោង១៧ និង០០នាទី លទ្ធផលចេញមកគឺវិជ្ជមានជម្ងឺកូវីដ-១៩។

បច្ចុប្បន្ន ឈ្មោះ ខឹម បញ្ញា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន០៤នាក់ (ស្រី០២នាក់) អាជ្ញាធរបានណែនាំឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ និងអនុវត្តតាមវិធានសុខាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: