ក្រុមហ៊ុន Foxconn ប្រកាសវិនិយោគខ្ទង់ ៥០០លានដុល្លារក្នុងប្រទេសឥណ្ឌា ក្រោមហេតុផលគេចចេញពីទីផ្សារប្រទេសចិន
(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ការផលិត iPhone ដ៏ធំបំផុតរបស់ Apple បានប្រកាសពីការវិនិយោគប្រមាណ ៥០០លានដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ពោលគឺ Foxconn កំពុងតែបង្វែផលិតកម្មរបស់ខ្លួនស្របតាមក្រុមហ៊ុន Apple ស្ទើតែមួយផ្នែកធំចេញពីប្រទេសចិន ដែលងាកទៅបង្កើនការផលិតនៅក្នុងប្រទេសឥណ្ឌាជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
បច្ចុប្បន្ននេះក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែនាំគ្នាបង្វែរផលិតកម្មមួយចំនួនរបស់ខ្លួនចេញពីប្រទេសចិន ដោយក្នុងនោះ Apple ទើបតែប្រកាសកាលពីសប្តាហ៍មុនជុំវិញការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPad របស់ខ្លួន។ សូម្បីតែក្រុមហ៊ុន Foxconn ក៏បានប្រកាសបង្វែរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា និង វៀតណាមផងដែរ។ ទាំងនេះក៏ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ដូចជា គោលនយោបាយ Zero-Covid ក្នុងប្រទេសនេះ ដែលបានបង្ខំឱ្យក្រុមហ៊ុនធំៗជាច្រើនសម្រេចបិទទ្វា រួមទាំងក្រុមហ៊ុនមួយចំនួនទៀតបង្ខំចិត្តបញ្ឈប់បុគ្គលិកស្ទើរតែពាក់កណ្តាលក្រុមហ៊ុនឯណោះ។
ជាក់ស្តែង Foxconn មានវត្តមានក្នុងប្រទេសឥណ្ឌាស្រាប់ទៅហើយ ដោយក្នុងនោះរួមមានការផលិតម៉ូដែល iPhone ជាច្រើនសូម្បីតែ iPhone 14 ជំនាន់ថ្មីក៏ត្រូវបានផលិតនៅទីនោះផងដែរ។ ដោយឡែកក្រៅពីការវិនិយោគនៅឥណ្ឌាកាលពីខែសីហាកន្លងទៅ Foxconn បានយល់ព្រមបោះទុនវិនិយោគប្រមាណ ៣០ម៉ឺនដុល្លារទៅក្នុងរោងចក្រក្នុងប្រទេសវៀតណាម ដែលជាប្រទេសមួយផ្សេងទៀតក្រៅពីប្រទេសឥណ្ឌា ខណៈដែលរបាយការណ៍កន្លងមកអះអាងថា Apple ចាត់ទុកជាប្រទេសមួយនេះជំនួសឱ្យប្រទេសចិន។
យ៉ាងណាមិញបើយោងតាមរបាយការណ៍ពី អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានរំពឹងថា នៅក្នុងត្រីមាសនេះ Apple ទំនងជាខាតបង់ការដាក់លក់ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនម៉ូដែល iPhone 14 Pro និង iPhone 14 Pro Max រហូតដល់ ២០លានគ្រឿងឯណោះ បន្ទាប់ពីកើតមានភាពចលាចររវាងបុគ្គលិក និងក្រុមហ៊ុនកាលពីខែវិច្ឆិកាកន្លងទៅនៅរោងចក្រ Foxconn ប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ freshnews



