Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មេបញ្ជាការរុស្ស៉ី ផ្ដល់យោបល់ឱ្យប្រើអាវុធនុយក្លេអ៊ែរ ជាជម្រើសតែមួយគត់ដើម្បីឈ្នះសង្រ្គាម

BY Khmerpress December 14, 2022
មេបញ្ជាការរុស្ស៉ី ផ្ដល់យោបល់ឱ្យប្រើអាវុធនុយក្លេអ៊ែរ ជាជម្រើសតែមួយគត់ដើម្បីឈ្នះសង្រ្គាម

(វ៉ាស៊ីនតោន)៖ មេបញ្ជាការរុស្ស៉ី លោក អាឡិចសាន់ដឺ ខូដាកូវស្គី (Alexander Khodakovsky) បានផ្ដល់យោបល់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលលោកផ្ទាល់ មើលឃើញថាជាមធ្យោបាយតែមួយគត់ដែលអាចឱ្យរុស្ស៉ី ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Newsweek នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោក ខូដាកូវស្គី ធ្វើការសម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ីនៅក្នុងសប្ដាហ៍នេះ និងត្រូវបានបកប្រែជាភាសាអង់គ្លេសបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គម Twitter​ ដោយអ្នកសារព័ត៌មាន BBC ម្នាក់។ នៅកិច្ចសម្ភាសន៍នោះ មេបញ្ជាការរុស្ស៉ីរូបនេះក៏បានទទួលស្គាល់ដែរថារុស្ស៉ីមិនមានសមត្ថភាព គ្រប់គ្រាន់ដើម្បីប្រយុទ្ធតតាំងជាមួយបក្សសម្ព័ន្ធយោធា NATO ដោយប្រើអាវុធទូទៅធម្មតាបាននោះទេ។ លោក ខូដាកូវស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមានលទ្ធភាពទេ។ យើងជាប្រទេសមួយដែលបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយលោកខាងលិចទាំងមូល ហើយយើងមិនអាចយកឈ្នះលើ NATO ដោយប្រើអាវុធធម្មតាបាននោះទេ។ ប៉ុន្តែ យើងមានអាវុធនុយក្លេអ៊ែរ សម្រាប់គ្រប់សេណារីយ៉ូ និងជាជម្រើសតែមួយគត់ដើម្បីឈ្នះ»។

គួរបញ្ជាក់ថា រុស្ស៉ី បានសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរជាច្រើនលើក ប្រសិនបើបក្សសម្ព័ន្ធយោធា NATO ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែន តួយ៉ាងដូចជា ការបញ្ជូនកងទ័ពឱ្យមកជួយទីក្រុងកៀវ។ ប៉ុន្តែ NATO នៅតែដាក់កំហិតលើអន្តរាគមន៍របស់ខ្លួន ដោយបន្តបញ្ជូនអាវុធ និងជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: