Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបការនាំចូល និងចែកចាយទឹកដោះគោ Dutchmill ដែលរំលោភសិទ្ធិចែកចាយផ្តាច់មុខ និងខូចគុណភាព

    BY Khmerpress December 15, 2022
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបការនាំចូល និងចែកចាយទឹកដោះគោ Dutchmill ដែលរំលោភសិទ្ធិចែកចាយផ្តាច់មុខ និងខូចគុណភាព

    (ភ្នំពេញ)៖ ទឹកដោះគោម៉ាក Dutchmill ដែលត្រូវបានលួចនាំចូលដោយរំលោភកម្មសិទ្ធិបញ្ញា និងខូចគុណភាព ជាច្រើនពាន់ដប ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវបង្ក្រាប។

    សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ធ្វើឡើងដោយយោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    បើតាមសមត្ថកិច្ច ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះឆែកឆេរ២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១៖ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូលIII) សង្កាត់កន្ទោក ខណ្ឌកំបូល ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន ៦,៥០០ដប ស្មើនឹង ២,៥០៧គីឡូក្រាម និងទីតាំងទីពីរស្ថិតនៅផ្ទះលេខ C៧០ ផ្លូវបេតុង សង្កាត់រលួស ខណ្ឌដង្កោ ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន៥៤២ដប ស្មើនឹង ៣២៣គីឡូក្រាម។

    រោយពីធ្វើការត្រួតពិនិត្យ ឃើញថាផលិតផលទឹកដោះគោទាំងអស់ពុំបានដឹកជញ្ជូន និងរក្សាទុកក្នុងសីតុណ្ហភាពតាមកម្រិតកំណត់ ដែលអាចនឹងខូចគុណភាព ព្រមទាំងរំលោភសិទ្ធិចែកចាយផ្តាច់មុខ របស់ក្រុមហ៊ុន UNT ដូចនេះលោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឌាន និងតម្រូវឲ្យម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: