ព័ត៌មានអន្តរជាតិ December 16, 2022

​ថៃព្រមានពលរដ្ឋមិនឱ្យពិសា​គ្រឿង​ស្រវឹង ដើម្បី​រក្សា​កម្តៅក្នុង​ខ្លួនក្នុងរដូវរងានោះឡើយ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិត

Khmerpress

ក្រសួង​សុខាភិបាល​ថៃបាន​ព្រមាន​ប្រជាពលរដ្ឋរបស់ខ្លួន មេត្តា​កុំ​ពិសា​គ្រឿង​ស្រវឹង ដើម្បី​រក្សា​កម្តៅក្នុង​ខ្លួននៅ​រដូវ​រងាឱ្យសោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ លោកវេជ្ជបណ្ឌិត Manus Potaporn អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រជាជននៅភាគខាងជើង និងភាគឦសាន ជារឿយៗមានការយល់ខុសថា ការផឹកស្រាធ្វើឱ្យរាងកាយមានភាពកក់ក្តៅក្នុងរដូវរងា។ តាមពិតទៅ ការផឹកស្រាធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែករីកធំ ហើយធ្វើឱ្យរាងកាយមានអារម្មណ៍ក្តៅ ប៉ុន្តែនឹងត្រឡប់មកជាត្រជាក់វិញយ៉ាងលឿនបំផុត ដែលបណ្តាលឱ្យរាងកាយទៅជាខ្វះកម្តៅ (hypothermia) ដែលអាចនាំឱ្យខូចសរីរាង្គ និងស្លាប់»។

លោកបណ្ឌិត Manus Potaporn បានបន្ថែមថា ជាតិអាល់កុលក៏ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយផងដែរ ដោយបង្កើនហានិភ័យ ឆាប់ងងុយដេក ឬឆាប់ដេកលក់ក្នុងអាកាសធាតុត្រជាក់ ដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅ។ លោកក៏បានកត់សម្គាល់ផងដែរ ពីផលប៉ះពាល់អវិជ្ជមាននៃគ្រឿងស្រវឹងលើគ្រួសារ និងសហគមន៍ ជាពិសេសការផឹកស្រា និងការបើកបរ ដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Sarayuth Boonchaipanitwattana នាយកវិទ្យាស្ថាន Princess Mother National Treatment on Drug Abuse ក៏បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគួរតែថែរក្សាខ្លួនក្នុងរដូវរងា ដោយស្លៀកពាក់ឱ្យកក់ក្តៅ បរិភោគអាហារដែលមានសុខភាពល្អ ជាពិសេសបន្លែ និងផ្លែឈើ ផឹកទឹកក្តៅឧណ្ហៗ ហាត់ប្រាណ និងងូតទឹកក្តៅឧណ្ហៗ ដើម្បីរក្សាសីតុណ្ហភាពរាងកាយរបស់ពួកគេ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត