Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោហ៊ុន សែន គាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេមកូរ៉េ

    BY Khmerpress December 20, 2022
    សម្ដេចតេជោហ៊ុន សែន គាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេមកូរ៉េ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដមប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលចប់អាណត្តិ បានសុំការគាំទ្រពីសម្ដេចតេជោហ៊ុន សែន នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម។

    ការស្នើសុំការគាំទ្ររបស់ឯកឧត្តមអគ្គរដ្ឋទូតកូរ៉េចប់អាណត្តិនេះ នៅក្នុងឱកាសដែលសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ។

    ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យអ្នកសារព័ត៌មានដឹងនៅពេលបញ្ចប់ជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តម ប៉ាក ហឹងឃ្យុង បានគោរពសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។

    ឯកឧត្តម ប៉ាក ហឹងឃ្យុង ក៏បានគោរពសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន ចំពោះសម្ដេចតេជោ និងមន្ត្រីរាជការ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេសតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា, ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការឆ្លងនៃគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិយក្សត្រ។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាក ហឹងឃ្យុងបានគោរពសុំការគាំទ្រពីសម្ដេចតេជោ នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត, និងរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយបានសំដែងការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានមាន ប្រសាសន៍ថា ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ។

    ចំពោះករណីគម្រោងកែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រ ហើយបានជូនឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការងារជាបន្តជា មួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញផងដែរ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: