សង្គម December 21, 2022

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រកាសច្រានចោល និងថាលោកមិនបានឆាត ឬស្គាល់តារាសម្តែង An na Rose ឡើយ

Khmerpress

(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានធ្វើការបដិសេធច្រានចោលទាំងស្រុង ដោយថាលោកមិនបានឆាតទៅតារាសម្តែង An na Rose ឡើយ និងប្រកាសថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយក្នុងគោលបំណងមិនល្អ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសជូនដំណឹងយ៉ាងដូច្នេះថា ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី​ Telegram ដោយយករូប​លោក ទៅផ្ញើសារក្នុងន័យមិនល្អ និងធ្វើឱ្យប៉ះពាល់មកលើកិត្តិយសរបស់លោកស្នងការ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ បានសរសេររៀបរាប់ថា៖ «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរស័ព្ទខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមឱ្យកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើឱ្យប៉ះពាល់មកលើកិត្តិយសរបស់ខ្ញុំ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត